មានតែមួយ គ្មានពីរ! សត្វតោលេងស្ទីលម៉ូដសក់សេះ មហាជនឃើញហើយផ្ទុះសំណើចលាន់
ថ្មីៗនេះ រូបភាពរបស់សត្វតោមួយក្បាល នាសួនសត្វមួយកន្លែងនាប្រទេសចិន បានកំពុងតែធ្វើឱ្យមានការហួសចិត្តផ្ទុះសំណើចពេញបណ្តាញសង្គមមិនតិចឡើយ ដោយសារតែម៉ូដសក់ថ្មីរបស់វាដែលពិតជាប្លែកពីសត្វតោដទៃ។
យ៉ាងណាមិញ សត្វតោមួយក្បាលនេះ គឺជាជាពូជអាហ្វ្រិកា ភេទឈ្មោល ហើយចំណែកសក់វាដែលកំពុងល្បីនោះវិញ មើលមួយភ្លែតទៅគឺស្រដៀងទៅនឹងសក់សេះរបស់មនុស្សដូច្នោះឯង រាបៗស្មើរៗមើលទៅពិតជាគួរឱ្យអស់សំណើចជាខ្លាំង ជាពិសេសជាមួយនឹងទឹកមុខរបស់វាទៀត ក៏រឹតតែធ្វើឱ្យគេទប់មិនបានឡើយ។
ដោយឡែក មហាជនពិតជាសរសើរទៅដល់អ្នកថែរសួនសត្វមួយនេះមិនតិចទេ ដែលហ៊ានកាត់ម៉ូដសក់ថ្មីឱ្យសត្វតោរបស់ខ្លួនបែបនេះ ប៉ុន្តែខាងសួនសត្វក៏បានឆ្លើយតបយ៉ាងភ្ញាក់ផ្អើលវិញថា ខ្លួនមិនបានកាត់ឱ្យនោះទេ។
គេបានបកស្រាយថា មិនមានអ្នកមើលថែណាម្នាក់ ហ៊ានប៉ះពាល់កាត់សក់ កាត់រោមឱ្យតោមួយក្បាលនេះទេ តែម៉ូដសក់នេះ ប្រហែលវាកើតឡើងដោយខ្លួនឯង ដោយសារតែខ្យល់ អាកាសធាតុមានសំណើមច្រើន ក៏ដូចជាការជ្រុះសក់របស់វាជាដើម ទើបធ្វើឱ្យវាចេញម៉ូដបែបនេះឯង។
ហើយបើសិនជាចង់កាត់ឱ្យវាមែន ទាល់តែប្រើប្រាស់ថ្នាំសន្លប់ ឬជាពិសេសថ្នាំស្ពឹកទើបបាន ហើយវិធីនេះគេតែងប្រើនៅពេលចាំបាត់ប៉ុណ្ណោះទេ ដូច្នេះហើយទើបគេមិនដែលមានគម្រោងកាត់សក់ឱ្យវានោះទេ៕