កាលពីថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ វិទ្យុសាធារណៈប៉ូឡូញបានរាយការណ៍ថា ៖ « ប៉ូឡូញបានផ្តល់កាំភ្លើងធំប្រភេទ AHS Krab self-propelled howitzers ចំនួន ១៨ គ្រឿងទៅកាន់អ៊ុយក្រែន»។ ខណៈដែលអ៊ុយក្រែនរងការវាយលុកយ៉ាងខ្លាំងពីកងទ័ពខ្លាឃ្មុំទឹកកករុស្ស៊ី នៅភាគខាងកើតក្នុងតំបន់ Donbas។
ជាមួយគ្នានេះដែរ អ៊ុយក្រែនក៏នៅតែបន្តអំពាវនាវទៅកាន់លោកខាងលិចឱ្យផ្តល់អាវុធរយៈចម្ងាយឆ្ងាយបន្ថែមទៀតដល់ខ្លួន។ ហើយវិទ្យុសាធារណៈប៉ូឡូញក៏បន្តរាយការណ៍ទៀតថា ៖ « ប្រទេសប៉ូឡូញក៏បានបណ្តុះបណ្តាលទាហានកាំភ្លើងធំអ៊ុយក្រែនប្រមាណ១០០ នាក់នៅក្នុងការប្រើប្រាស់កាំភ្លើងធំខ្នាតយក្យនេះដែរ »។
សូមបញ្ជាក់ថា កាំភ្លើងធំ AHS Krab self-propelled howitzers គឺអាចរត់ក្នុងល្បឿន ៦៧ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាអាចប្រតិបត្តិការណ៍បានចម្ងាយរហូតទៅដល់ ៤០០ គីឡូម៉ែត្រឯណោះ។
មិនត្រឹមតែប៉ុណ្ណោះ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksiy Reznikov ក៏បានបញ្ជាក់ឱ្យដឺងដែរថា ៖ « ប្រទេសអ៊ុយក្រែនបានចាប់ផ្តើមទទួលកាំភ្លើងធំប្រភេទ self-propelled howitzers ពីសហរដ្ឋអាមេរិក និង មីស៊ីល Harpoon ពីប្រទេសដាណឺម៉ាក ដែលជាប្រភេទមីស៊ីលប្រឆាំងនាវាចម្បាំង ដោយបំពាក់នៅលើនាវាដែលអាចបាញ់បានក្នុងចម្ងាយ ១៣៩ គីឡូម៉ែត្រ និង មានល្បឿន ៨៦៤ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចវាយចំគោលដៅបានយ៉ាងច្បាស់ថែមទៀតផង »៕
self-propelled howitzers
Harpoon
ប្រភព៖ Reuter