កាន់តែស្ញប់ស្ញែង! មកដឹងប្រវត្តិលោក ពេជ្រ មូន ពីកសិករនៅកំពង់ឆ្នាំង ប្រែជីវិតតស៊ូបញ្ចប់ការសិក្សា នៅសាលាបណ្ឌិតសភាយោធាអាមេរិក
ថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ ក្រោយយុវជនមួយរូប បានកែប្រែដំណើរជីវិតរបស់លោក ពីកសិករនៅខេត្តកំពង់ឆ្នាំង តស៊ូរហូតបញ្ចប់ការសិក្សា នៅសាលាបណ្ឌិតសភាយោធាអាមេរិក គួរឱ្យស្ញប់ស្ញែងបំផុត។
បុរសរូបនេះ មានឈ្មោះថា ពេជ្រ មូន ជាកូនកសិករ រស់នៅក្នុងភូមិគ្រួស ឃុំរលាប្អៀ ស្រុករលាប្អៀ ទឹកដីខេត្តកំពង់ឆ្នាំង។ លោក ទើបតែទទួលសញ្ញាបត្រ កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ ក្រោមអធិបតីភាពប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្រោយប្រឹងប្រែងសិក្សា អស់រយៈពេល ៤ ឆ្នាំ ពីបណ្ឌិតសភាយោធាអាមេរិក។
បើនិយាយពីប្រវត្តិរបស់លោកវិញ លោកធ្លាប់ឡើងមកសិក្សានៅរាជធានីភ្នំពេញ ក្រោមរូបភាពផ្ញើជីវិតតាមសំយ៉ាបផ្ទះគេ រហូតដល់ពេលខ្លះ រើសអាហារពីធុងសំរាម បរិភោគក៏មាន រហូតដល់បញ្ចប់ការសិក្សា ផ្នែកវេជ្ជសាស្ត្រ និងថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ នៅកម្ពុជា។
លុះក្រោយមក យុវជនមានសមត្ថភាពដ៏ពូកែរូបនេះ បានកែប្រែវាសនារបស់ខ្លួន ជាបន្តបន្ទាប់ ដោយទទួលបានអាហារូបករណ៍ រយៈពេល ៤ ឆ្នាំ ទៅសិក្សានៅសាលាបណ្ឌិតសភាយោធាអាមេរិក និង ចាប់យកជំនាញផ្នែកគណិតវិទ្យា និងការស្រាវជ្រាវ នៅលំហរអាកាស ព្រមទាំងមានជំនាញបើកយន្តហោះទៀតផង គួរឱ្យស្ញើចសរសើរបំផុត៕
ប្រភព ៖ Fresh News