ឆ្កែសំណាង! ម្ចាស់ជះលុយ ៥ ម៉ឺនដុល្លារ សង់ផ្ទះឱ្យនៅ ដាក់ម៉ាស៊ីនត្រជាក់ អាងហែលទឹកឡើងឡូយ
ថ្មីៗនេះ ក្តីស្រឡាញ់របស់បុរសម្នាក់ជាមួយនឹងសត្វឆ្កែរបស់ខ្លួន បានធ្វើឱ្យមានផ្ទុះការភ្ញាក់ផ្អើលសរសើជាខ្លាំងនៅតាមបណ្តាញសង្គម ដោយគេសុខចិត្តចំណាយលុយអស់ ៥ ម៉ឺនដុល្លារ ដើម្បីសង់ផ្ទះប្រណីតឱ្យសត្វឆ្កែរស់នៅបានយ៉ាងស្រួលមិនចាញ់មនុស្សទេ។
យ៉ាងណាមិញ បុរសខាងលើនេះ ជាជនជាតិចិនអាយុ ៣៣ ឆ្នាំ ជាអ្នកជំនួញមួយរូប ហើយគេបានចំណាយអស់រយៈពេល ៣ ឆ្នាំឯណោះ ក្នុងការសាងសង់ផ្ទះមួយនេះឱ្យសត្វឆ្កែសំណព្វទាំង ១០ ក្បាលរបស់ខ្លួន។
មិនត្រឹមតែមានភាពប្រណីតប្លែកពីខាងក្រៅនោះទេ ប៉ុន្តែបើក្រឡេកទៅមើលក្នុងផ្ទះវិញ គេសង្កេតឃើញថា មានបំពាក់សុទ្ធតែទៅដោយម៉ាស៊ីនត្រជាក់ ទូរទស្សន៍ បន្ទប់ទឹកសម្រាប់សត្វឆ្កែ ព្រមជាមួយនឹងគ្រឿងទំនើបផ្សេងៗទៀតផង។
ចំណែកនៅទីធ្លាខាងក្រៅវិញ ដោយសារតែខ្លាចឆ្កែអផ្សុក លោកក៏បានរៀបចំទៅដោយគ្រឿងលេងយ៉ាងសម្បូរបែបផងដែរ មានដូចជាទោងយោល ទោងរំអិល កន្លែងមើលរឿង ជាពិសេសគឺអាងហែលទឹកយ៉ាងធំមួយទៀត។
បុរសម្នាក់នេះ បានឱ្យដឹងទៀតថា លោកមិនដែលចំណាយលុយលើខោអាវថ្លៃៗនោះទេ លោកសុខចិត្តចំណាយលើការសង់ផ្ទះឱ្យសត្វឆ្កែសំណព្វរបស់ខ្លួនវិញ ព្រោះតែវាជាក្តីស្រមៃរបស់លោកមកតាំងពីតូច។ យ៉ាងណាមិញ មហាជនអ្នកគាំទ្រពិតជាសរសើម្ចាស់ ដែលហ៊ានចំណាយថ្នាក់នេះទៅលើសត្វ ហើយក៏នឹកសរសើរសំណាងរបស់ឆ្កែដែរ ដែលមានម្ចាស់ចិត្តល្អសង់ផ្ទះឱ្យនៅសប្បាយសុខស្រួលជាងមនុស្សទៅទៀត៕