កូនខ្មែរគួរដឹង! នេះជាអត្ថន័យ នៃពិធីបុណ្យច្រត់ព្រះនង្គ័ល និងអត្ថន័យអាហារ ០៧ មុខ ដែលគោឧសភរាជសោយ
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាបុណ្យប្រពៃណីជាតិមួយ ដែលគេតែងរៀបចំធ្វើជារៀងរាល់ឆ្នាំ កើតមានមកអំពីបុរាណកាលមកម៉្លេះ។
ដោយឡែកនៅឆ្នាំនេះ ពិធីបុណ្យត្រូវបានរៀបចំឡើងនៅថ្ងៃទី ៤ រោច ខែ ពិសាខ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ជាថ្ងៃនក្ខត្តឫក្សដ៏ឧត្តម ពោលគឺត្រូវនឹងថ្ងៃទី ១៩ ខែឧសភា គ្រិស្តសករាជ ២០២២ ក្នុងគោលបំណង សម្ពោធផ្ដើមបើកក្សេត្ររដូវ សុំទឹកភ្លៀងពីទេវតា ការអភិវឌ្ឍវិស័យកសិកម្ម និង ដាស់ព្រះធរណី ។
អំពីគោឧសភរាជ
គោឧសភរាជ និង ប្រផ្នូលល្អ ឬ អាក្រក់ គឺជាការផ្សងគោឧសភរាជតាមរយ:ការបរិភោគនូវធញ្ញហារកសិផល តិណជាតិ និង ជលហារទាំងប្រាំពីរមុខ មានដូចជា ស្រូវ ពោត សណ្ដែក ល្ង ស្មៅ ស្រា និង ទឹកជាដើម ។ លុះគោឧសភរាជបានបរិភោគនូវអាហារទាំងប្រាំពីរមុខនោះហើយ ទើបយើងអាចកំណត់ដឹងនូវប្រផ្នូលល្អ ឬ អាក្រក់បានដូចតទៅនេះ ៖
អំពីប្រផ្នូលល្អ
-ស្រូវ ៖ បើបរិភោគស្រូវ ទំនាយថាស្រូវនឹងបានទទួលទិន្នផលខ្ពស់ ឬ ទាបទៅតាមកម្រិតនៃការបរិភោគ
-ពោត ៖ បើបរិភោគពោត ទំនាយថាពោតនឹងបានទទួលទិន្នផលខ្ពស់ ឬ ទាបទៅតាមកម្រិតនៃការបរិភោគ
-សណ្តែក ៖ បើបរិភោគសណ្តែក ទំនាយថាសណ្តែកនឹងបានទទួលទិន្នផលខ្ពស់ ឬ ទាបទៅតាមកម្រិតនៃការបរិភោគ
-ល្ង ៖ បើបរិភោគល្ង ទំនាយថាល្ងនឹងបានទទួលទិន្នផលខ្ពស់ ឬ ទាបទៅតាមកម្រិតនៃការបរិភោគ
-ទឹក ៖ បើផឹកទឹកនោះប្រផ្នូលថាឆ្នាំនោះទឹកនឹងមានប្រមាណតិច ឬ ច្រើនទៅតាមកម្រឹតនៃការផឹកនោះ
អំពីប្រផ្នូលអាក្រក់
-ស្មៅ ៖ បើបរិភោគស្មៅ ទំនាយថាឆ្នាំនោះនឹងកេីតមានជំងឺតម្កាត់ច្រើនកន្លង ជាពិសេសលើសត្វពាហន: និង សត្វចិញ្ចឹមដទៃ
-ស្រា ៖ បើកសុរា ទំនាយថាឆ្នាំនោះនឹងមានមនុស្សចិត្តកោងកាច មានចោរព្រៃចោរស្រុករុករានរាតត្បាតច្រើនកន្លង៕
ប្រភព ៖ ទេវធីតាសង្ក្រាន្ត