ប្រទេសអ៊ីរ៉ាក់ ប្រែទៅជាពណ៌ទឹកក្រូចអួរអាប់ ក្រោយរងការវាយប្រហារពីព្យុះខ្សាច់ដ៏ខ្លាំងក្លា
ព្យុះខ្សាច់ដ៏ខ្លាំងក្លាថ្មីមួយ បានវាយប្រហារគ្រប់ដណ្ដប់លើប្រទេសអ៊ីរ៉ាក់ បណ្ដាលឱ្យផ្ទៃមេឃប្រែទៅជាពណ៌ទឹកក្រូចអួរអាប់ និង ពលរដ្ឋរាប់រយនាក់រងផលប៉ះពាល់រហូតចូលមន្ទីរពេទ្យ ស្របពេលជើងហោះហើរនានានៅព្រលានយន្តហោះ Baghdad Airport ត្រូវបានពន្យារពេល។
គ្រោះធម្មជាតិដ៏អាក្រក់មួយនេះ ក៏បានបណ្ដាលឱ្យការិយាល័យ និង សាលារដ្ឋមួយចំនួនត្រូវបិទទ្វារផងដែរ។ គួរបញ្ជាក់ថា នេះជាព្យុះខ្យាច់លើកទី ៨ ហើយ ចាប់តាំងពីពាក់កណ្ដាលខែមេសាមក ដែលបានវាយប្រហារលើប្រទេសអ៊ីរ៉ាក់នេះ។
តាមសារព័ត៌មាន Reuters បានឱ្យដឹងថា ពលរដ្ឋរាប់រយនាក់ពាសពេញក្រុង Baghdad និង បណ្ដាក្រុងភាគខាងត្បូងផ្សេងៗទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែមានបញ្ហាពិបាកដកដង្ហើម។ ក្នុងនោះដែរ ទីក្រុងនោះ ត្រូវបានគ្របដណ្ដប់ទៅដោយធូលីខ្សាច់ពណ៌ទឹកក្រូចយ៉ាងអួរអាប់ ខណៈខ្សាច់ទាំងនោះ ធ្លាក់ពាសពេញដំបូលអគារ ឡានផងដែរ៕