ក្រោយពលរដ្ឋធ្វើបាតុកម្មពេញប្រទេស ឥឡូវនាយករដ្ឋមន្ត្រីស្រីលង្កា សម្រេចចុះចេញពីតំណែងហើយ
នាយករដ្ឋមន្ត្រីប្រទេសស្រីលង្កា លោក Rajapaksa បានសម្រេចលាលែងពីតំណែង ក្រោយការប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្រ និង បាតុករប្រឆាំង ដែលបណ្ដាលឱ្យមនុស្ស ២ នាក់ស្លាប់ និង ១៣៩ នាក់រងរបួស។
តាមការប្រកាសរបស់អ្នកនាំពាក្យឱ្យនាយករដ្ឋមន្ត្រីម្នាក់ នៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅថា លោកនាយករដ្ឋមន្ត្រី Mahinda Rajapaksa បានប្រគល់ពាក្យលាឈប់ពីតំណែងទៅឱ្យប្អូនប្រុសរបស់លោក ប្រធានាធិបតី Gotabaya Rajapaksa ដើម្បីត្រួសត្រាយផ្លូវសម្រាប់រដ្ឋាភិបាលថ្មី។
ការសម្រេចចិត្តលាឈប់នេះ បានធ្វើឡើងក្រោយពលរដ្ឋចំនួន ២ នាក់បានស្លាប់ និង មនុស្ស ១៣៩ នាក់ផ្សេងទៀតរងរបួស ដោយសារការប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្រនាយករដ្ឋមន្ត្រី Rajapaksa និង ក្រុមបាតុករប្រឆាំងរដ្ឋាភិបាល។
គួររំឭកថា ប្រទេសស្រីលង្កា បច្ចុប្បន្នកំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ចាប់តាំងពីទទួលឯករាជ្យមក។ ជាក់ស្ដែង ក្នុងខែមេសាកន្លងទៅ រដ្ឋាភិបាលបានប្រកាសមិនអាចសងបំណុលបរទេសចំនួន ៥១ ពាន់ដុល្លារបាន ដែលបណ្ដាលឱ្យពលរដ្ឋរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់ ខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និង ថ្នាំសង្កូវប្រើប្រាស់រាប់ខែ៕