គំរូមែន! ខេត្តបាត់ដំបង ដាក់ស្លាកត្រៀបត្រា តាមដងវិថី ត្រៀមសម្រាប់ ពិធីបុណ្យពិសាខបូជា
ពិធីបុណ្យពិសាខបូជា នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ១៥ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ ខាងមុខនេះ។ បុណ្យពិសាខបូជា គឺជាទិវាមួយដែលពុទ្ធសាសនិកជន នៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងសកលលោក តែងនាំគ្នាប្រារព្ធពិធីបុណ្យដ៏សំខាន់មួយ គឺ «ពិសាខបូជា»។
សូមបញ្ជាក់ថា វិសាខបូជា ឬ ពិសាខបូជា គឺជាពិធីបុណ្យដែលពុទ្ធសាសនិកចាត់ទុកថា មានសារសំខាន់បំផុតមួយក្នុងចំណោមបុណ្យដទៃទៀតនៃព្រះពុទ្ធសាសនា ពីព្រោះជាការគោរព រំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នាសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធ សមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់ប្រសូត បានត្រាស់ដឹង និងបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងនៅចំថ្ងៃ ១៥ កើត ពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ ក្នុងខែពិសាខ ដូចគ្នា ខុសតែឆ្នាំប៉ុណ្ណោះ។
ទន្ទឹមទៅនឹងពីធីបុណ្យពុទ្ធសាសនាដ៏ធំ ដែលកៀកខិតជិតមកដល់នេះ បើយើងក្រឡេកទៅមើលទឹកដីនៃខេត្តបាត់ដំបងវិញ ឃើញថារដ្ឋបាលខេត្តបាត់ដំបង បានត្រៀមរៀបចំដាក់ស្លាបរូបពីធីបុណ្យពិសាខបូជា ភ្ជាប់ជាមួយព្រះពុទ្ធរូបត្រៀបត្រា តាមដងវិថី ត្រៀមសម្រាប់ពិធីបុណ្យពិសាខបូជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ ខាងមុខនេះ។
តាមរយៈការរៀបចំដ៏សម្រិតសម្រាំងនេះ គេសង្កេតឃើញមហាជនខ្មែរ ជាពិសេសអ្នកលេងបណ្ដាញសង្គម នាំគ្នាផ្ទុះការចាប់អារម្មណ៍ សម្ដែងការអបអរ និងគាំទ្រអនេក ចំពោះការរៀបចំដ៏ផ្ចិតផ្ចង់បែបនេះ៕