ភ្ញាក់ផ្អើល! ប្រទះឃើញ ត្រីបបែលយក្ស ១ ក្បាល ទម្ងន់ ១៨០ គីឡូក្រាម នៅខេត្តស្ទឹងត្រែង
នៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២២ នេះ តាមរយៈផេក Wonders of the Mekong បានបញ្ជាក់ឱ្យបានដឹង ជុំវិញរឿងរ៉ាវ អ្នកនេសាទ ចាប់បានដោយចៃដន្យ នូវត្រីបបែលញីទឹកសាបយក្សមួយក្បាល មានទម្ងន់ ១៨០ គីឡូក្រាម នៅក្នុងទន្លេមេគង្គ ស្ថិតនៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ត្រីបបែលញីទឹកសាបដ៏ធំ ដែលទើបតែចាប់បាននេះ មានទទឹងប្រវែង ១៨៥ សង់ទីម៉ែត្រ ដងខ្លួនប្រវែង ២០០ សង់ទីម៉ែត្រ និង សរុបពីក្បាលដល់ចុងកន្ទុយ មានប្រវែង ៣៩៣ សង់ទីម៉ែត្រ។
ចំពោះរឿងនេះ អ្នកនេសាទ បានឱ្យដឹងថា ពួកគាត់ចង់ជួយអភិរក្សសត្វបបែលទឹកសាបយក្ស ដែលជាប្រភេទសត្វជិតផុតពូជនៃទន្លេមេគង្គ ដោយបានទាក់ទងទៅក្រុមគម្រោង «អច្ឆរិយៈទន្លេមេគង្គ» ភ្លាមៗ ហើយសុំឱ្យក្រុមការងារ ដាក់ស្លាកវាស់វែង និងដោះលែងត្រីបបែលយក្សទឹកសាបញីនេះ ត្រឡប់ទៅទន្លេធម្មជាតិវិញ៕
ប្រភព ៖ Wonders of the Mekong