អ្នកគាំទ្រចំហមាត់ធ្លុង! Due Arisara ទម្លាយផាំងៗពីមុខជំនួញជាច្រើនរបស់ខ្លួន អះអាងមិនបានស៊ីទ្រព្យប្តី
ជីវិតរបស់តារាស្រី Due Arisara ហាក់កាន់តែមានក្តីសុខគួរឱ្យច្រណែនខ្លាំងណាស់ ក្រោយពីបានមកសាងស្នេហ៍ជាមួយស្វាមីជាសេដ្ឋីវ័យក្មេង ហើយស្វាមីរូបនេះ រឹតតែស្រឡាញ់ថ្នាក់ថ្នមនាងទៅទៀត បន្ទាប់ពីនាងបានពពោះកូនសំណព្វ ជាដំណក់ឈាមដំបូងនោះ។
យ៉ាងណាមិញ ថ្មីៗនេះ Due ក៏បានទម្លាយឱ្យដឹងពីរឿងរ៉ាវរបស់ខ្លួនមួយចំនួនផងដែរ តាមរយៈ Youtube Chanel របស់នាងផ្ទាល់។ Due បានឱ្យដឹងថា មានជនមួយចំនួន ឃើញស្វាមីនាងជាអ្នកមាន តែងតែទិញរបស់ថ្លៃៗនេះនោះឱ្យគ្រប់បែបយ៉ាង ក៏គិតថានាងជាមនុស្សស្រីចូលចិត្តឱ្យប្រុសប៉ាវនោះ គឺមិនពិតទេ មានរបស់ខ្លះក៏ជាញើសឈាមរបស់ខ្លួនឯងផងដែរ។
Due បានឱ្យដឹងទៀតថា ដំបូងឡើយ នាងមិនមានគោលដៅថាមកធ្វើជាតារានោះទេ នាងចូលចិត្តខាងលក់ដូរជាង ហើយក្រៅពីអាជីពជាតារានេះ នាងក៏ឆ្លៀតបើកមុខជំនួញផ្សេងៗជាច្រើនទៀត ដើម្បីទាញចំណូលបន្ថែមដោយខ្លួនឯងផងដែរ។
កន្លងមកនាង មានហាងលក់សាច់ជ្រូកអាំង លក់បាយឆា លក់ខោអាវ ព្រមទាំងមុខរបរកំប៉ិកកំប៉ុកជាច្រើនទៀត ហើយនាងមិនដែលឈប់ឡើយ គឺប្រឹងសស្រាក់សស្រាំមករហូត ហើយឥឡូវនេះ នាងក៏កំពុងតែផ្តោតទៅលើជំនួញទាំងនេះយ៉ាងពេញទីតែម្តង។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រពិតជាសរសើរមិនដាច់ពីមាត់ឡើយ នូវសំណាង ជាពិសេសសមត្ថភាពរបស់តារាស្រីរូបនេះ ហើយគេក៏ចាំមើលភាពរីកចម្រើនរបស់នាងទៅមុខទៀតផងដែរ៕