ឈឺបត់ជើងធំពេក ជិះម៉ូតូខុសផ្លូវត្រូវប៉ូលិសចាប់ពិន័យ មួម៉ៅដោះសារមិនឈ្នះ រត់ទៅជុះដាក់ឡានប៉ូលិស
ថ្មីៗនេះ មានហេតុការណ៍ដ៏មិននឹកស្មានមួយ បានធ្វើឱ្យមានការហួសចិត្តអស់ពេញសង្គមថៃ ដោយមានបុរសម្នាក់ ឈឺពោះបត់ជើងខ្លាំង ប្រញាប់ជិះរកកន្លែងដោះទុក្ខ តែស៊យមកត្រូវប៉ូលិសចាប់ ខំដោះសារប្រាប់ប៉ូលិសយ៉ាងណាក៏មិនជឿ មានអីទ្រាំលែងបានរត់ទៅជុះដាក់ឡានប៉ូលិសតែម្តង។
តាមការរៀបរាប់បានឱ្យដឹងថា ហេតុការណ៍មួយនេះ បានកើតឡើងក្រុងបាំងកក ដោយដំបូងឡើយ ខាងប៉ូលិសមន្រ្តីដែលកំពុងប្រតិបត្តិការណ៍នៅតាមផ្លូវ បានឃាត់ខ្លួនបុរសម្នាក់ដែលកំពុងជិះម៉ូតូ ដោយអះអាងថា គេបានចតនៅលើគំនូសផ្លូវដើរ។
យ៉ាងណាមិញបុរសរូបនោះ បានក្រាញមិនព្រមចុះពីម៉ូតូឡើយ ហើយក៏បានប្រាប់ប៉ូលិសថាខ្លួនឈឺពោះខ្លាំង ប្រញាប់ទៅរកកន្លែងបត់ជើង តែប៉ូលិសនៅតែមិនជឿ ព្រមទាំងឃាត់ ទាញរូបគេឱ្យចុះពីលើម៉ូតូឱ្យទាល់តែបាន។
ភ្លាមៗបុរសនោះ ក៏ហាក់កើតការមួរម៉ៅមិនតិចឡើយ ក៏បានចុះពីលើម៉ូតូ តែមិននឹកស្មានថា គេបែរជាឆ្លៀតដោះខ្សែក្រវ៉ាត់ ស្រាតខោ រួចទៅបើកទ្វារឡានប៉ូលិស ដែលនៅចតនៅក្បែរនោះ ហើយឡើងទៅជុះដាក់កៅអីអង្គុយក្នុងឡាននោះតែម្តង។
យ៉ាងណាមិញ ក្រោយពីជុះហើយភ្លាម បុរសខាងលើនេះ ក៏បានព្យាយាមរត់គេច ហើយប៉ូលិសក៏បានយកម៉ូតូរបស់គេទៅរក្សាទុកនៅប៉ុស្តិ៍ ព្រមទាំងមានការដាក់ពាក្យបណ្តឹងចោទប្រកាន់ទៀតផង តែក្រោយមកបុរសរូបនោះក៏បានមកទទួលម៉ូតូរបស់ខ្លួនទៅវិញ ដោយព្រមបង់លុយផាកជាង ៧ ០០០ បាតឯណោះ ហើយទាំងប៉ូលិស ទាំងរូបគេ ក៏បានសុំទោសគ្នាទៅវិញមកដើម្បីបញ្ចប់រឿង ចុងក្រោយចំណែកពាក្យបណ្តឹងក៏ត្រូវប៉ូលិសដកទៅវិញផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖