រន្ធ-ត់! អគ្គិភ័យយ៉ាងសន្ធោសន្ធៅ លេបត្របាក់ផ្ទះ ៨០ ខ្នងនៅហ្វីលីពីន ឆក់យកជីវិតមនុស្សច្រើននាក់
នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២២ នេះ តាមមន្ត្រីក្នុងប្រទេសហ្វីលីពីន បានឱ្យដឹងថា មានហេតុការណ៍អគ្គិភ័យឆាបឆេះសហគមន៍ក្រីក្រមួយជិតទីក្រុង Manila ដែលបានបំផ្លិចបំផ្លាញផ្ទះសម្បែងចំនួន ៨០ ខ្នង និង បានសម្លាប់ជីវិតពលរដ្ឋ ៨ នាក់ក្នុងសហគមន៍នោះ។
អគ្គិភ័យនេះដែរ បានចាប់ឆាបឆេះឡើងនៅវេលាម៉ោង ៥ ព្រឹក ចេញពីជាន់ទី ២ នៃផ្ទះមួយកន្លែង ក្នុងសហគមន៍ដ៏តូចចង្អៀតមួយនោះ។ តាមមន្ត្រីខាងពន្លត់អគ្គិភ័យបានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់ គឺបានជាប់គាំងក្នុងផ្ទះ អំឡុងពេលភ្លើងកំពុងឆាបឆេះ។ ក្នុងចំណោមអ្នកស្លាប់ទាំង ៨ នាក់នោះ មានក្មេងៗចំនួន ៦ នាក់។ ដោយឡែក មនុស្សចំនួន ៣ នាក់ផ្សេងទៀត ក៏រកឃើញមានរងរបួសផងដែរ។
គួរឱ្យដឹងដែរថា អគ្គិភ័យដ៏សន្ធោសន្ធៅនេះ បានបំផ្លិចបំផ្លាញផ្ទះសម្បែងពលរដ្ឋចំនួន ៨០ ខ្នង ដែលប៉ះពាល់ដល់មនុស្សចំនួន ២៥០ គ្រួសារ៕