អ្នកស្រី អ៊ុង សានស៊ូជី ត្រូវរបបយោធាបានកាត់ទោសឱ្យជាប់ពន្ធនាគារ ៥ ឆ្នាំ ពីបទល្មើសមួយនេះ
តុលាការនៅប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយរបបយោធារបស់លោក មីន អ៊ុងឡាំង បានកាត់ទោស អ្នកស្រី អ៊ុង សានស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំ កាលពីថ្ងៃពុធ ទី ២៦ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ បន្ទាប់ពីបានរកឃើញថាលោកស្រីមានកំហុសក្នុងសំណុំរឿងពុករលួយចំនួន ១១ ករណី។
ជាមួយគ្នានេះដែរ ប្រភពដែលមិនបញ្ចេញឈ្មោះបាននិយាយថា ចៅក្រមក្នុងរដ្ឋធានីនោះបានប្រកាសសាលក្រមក្នុងពេលនៃការកោះប្រជុំរបស់តុលាការ ដោយមិនបានផ្តល់ការពន្យល់នោះទេ ហើយធ្វើឡើងដោយបិទទ្វារ និង រឹតត្បិតព័ត៌មានថែមទៀតផង។
ចាប់តាំងពីមានការចាប់ខ្លួនអ្នកស្រីមក អ្នកស្រីត្រូវបានគេឃុំឃាំងនៅក្នុងទីតាំងដែលមិនត្រូវបានបញ្ចេញឱ្យដឹង ដែលជាកន្លែងឃុំខ្លួនដោយរបបយោធាលោក មីន អ៊ុងឡាំង។ ចំពោះករណីចោទប្រកាន់ចុងក្រោយនេះបានចោទប្រកាន់ថា «លោកស្រី ស៊ូជី បានទទួលយកមាសចំនួន ១១,៤ គីឡូក្រាម ដោយគិតជាសាច់ប្រាក់ស្មើនឹង ៦០ ម៉ឺនដុល្លារ»។ អ្នកស្រី ស៊ូជី ក៏បានហៅការចោទប្រកាន់នេះថា «មិនសមហេតុផល» ហើយក៏បដិសេធរាល់ការចោទប្រកាន់លើអ្នកស្រី ដែលរួមមានការរំលោភលើច្បាប់បោះឆ្នោត និង រឿងសម្ងាត់រដ្ឋ ការញុះញង់ និង អំពើពុករលួយ៕
ប្រភព៖ Reuters