បើអាចបង្វែរពេលវេលាថយក្រោយបាន បងសុំឱ្យវិលទៅរកកាលពី ៥ ថ្ងៃមុន បងសុំសម្រេចចិត្តម្តងទៀត ដើម្បីសង្រ្គោះជីវិតអូន
កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីសោកស្ដាយយ៉ាងខ្លាំង ក្រោយបានឃើញពីសាររៀបរាប់ពីក្ដីទុក្ខសោករបស់បុរសម្នាក់ ដែលបានបាត់បង់ភរិយាជាទីស្រឡាញ់ ខណៈនាងបានសម្រាលកូនមុនថ្ងៃកំណត់។
ទាក់ទិនទៅនឹងរឿងនេះ តាមរយៈគណនីបុរសដែលជាស្វាមី បានរៀបរាប់ថា៖ «បើអាចបង្វែរពេលវេលាថយក្រោយបាន បងសុំឱ្យវិលទៅរកកាលពី ៥ ថ្ងៃមុន បងសុំសម្រេចចិត្តម្តងទៀត ដើម្បីសង្រ្គោះជីវិតអូន ណាប្រពន្ធសម្លាញ់។ រយៈពេលត្រឹមតែ ៣ យប់សោះ បែរជាអាចធ្វើឱ្យអូន ចាកចេញទៅពីបង និង គ្រួសារដោយមិននឹកស្មាន។ អូនអើយកូនយើង មានសុខសុវត្ថិភាពហើយ ពេលទៅពេទ្យរាល់ខែ អូនតែងចង់ឃើញមុខកូន អូនស្រឡាញ់កូនណាស់ អូនទិញសម្ភារគ្រប់យ៉ាងទុក តាំងពី ៥-៦ ខែ ត្រៀមសម្រាប់កូន»។
បុរសជាប្ដី បានរៀបរាប់ទាំងទុក្ខសោកបន្ដទៀតថា ៖ «ថ្ងៃដែលកូនយើងបានឃើញពន្លឺថ្ងៃ បែរជាអូនមិននៅទៅវិញ ទោះជាកូនយើងត្រូវសម្រាលមុនកំណត់ ប៉ុន្តែគាត់រឹងមាំ ហើយគួរឱ្យស្រឡាញ់ណាស់។ អូនជាជាស្រ្តីម្នាក់ដែលឆ្លាតហើយពូកែ ចូលចិត្តអាណិត និង ជួយអ្នកដទៃ ហើយក៏ជាភរិយាម្នាក់ដែលស្រឡាញ់ស្វាមីបំផុត។ ពេលបងចេញទៅធ្វើការ គឺសុំឱបបន្តិចសិន ពេលមកពីធ្វើការវិញ ក៏សុំឱបបន្តិចដែរ។ អូនតែងចង់ឱ្យប្រើរបស់ណាដែលល្អៗ ហើយខ្លួនឯងប្រើអ្វីក៏បាន។ អូនភ្លេចហើយ? អូនបានសន្យានឹងបងហើយ ថាពេលកូនរបស់យើងអាយុ ៦ ខែ ពួកយើងនឹងចេញដើរលេងនៅក្រៅប្រទេសជាមួយគ្នា តែពេលនេះ អូនបានក្បត់សន្យាជាមួយបងហើយ»។
បុរសជាប្ដីបានរៀបរាប់បន្តថា ៖ «អូនបានប្រាប់បងថា ក្រៅពីគ្រួសារ បងគឺជាបុរសម្នាក់ដែលអូនស្រឡាញ់ខ្លាំងបំផុត ប៉ុន្ដែបងគ្មានសំណាងសោះ បែរជាត្រូវបាត់បង់មនុស្សដែលស្រឡាញ់បងបំផុតដោយមិននឹកស្មានទៅវិញ។ ពួកយើងរៀបការមិនទាន់បាន ១ ឆ្នាំផង (១០ ខែ ៦ ថ្ងៃ) អូនក៏ត្រូវឃ្លាតពីបងទៅកន្លែងដល់សែនឆ្ងាយ ឆ្ងាយរហូតបងមិនអាចស្វែងរកអូនឃើញ។ ហេតុអី្វបានជាយើង មិនរស់នៅជាមួយគ្នាដល់ចាស់ ដូចគូគេដទៃ។ រឿងដែលកើតឡើង បងពិតជាមិនអាចទទួលយកបាន ប៉ុន្ដែទោះបងមិនព្រមទទួលយ៉ាងណា ក៏វាបានកើតឡើងហើយ។ បងនឹងមើលថែកូនយើង និង គ្រួសារយើងឱ្យបានល្អណា សូមអូនបានទៅដល់ឋាននៃបរមសុខ។ ចុងក្រោយបងចង់ប្រាប់ថា បងក៏ស្រឡាញ់ខ្លាំងបំផុតដូចគ្នា ក្តីស្រឡាញ់ដែលអូនបានផ្តល់ឱ្យបង បងនឹងរក្សាវាទុកជារៀងរហូត។ ពីបង ស្វាមីសម្លាញ់របស់អូន»៕