ទីបំផុត! Elon Musk ចាយលុយ ៤៤ ពាន់លានដុល្លារ ទិញយក Twitter ហើយ
កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ មហាសេដ្ឋីពិភពលោក Elon Musk បានចុះកិច្ចព្រមព្រៀងគ្នាហើយលើការទិញយកបណ្ដាញសង្គម Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ ក្នុងប្រតិបត្តិការដែលនឹងផ្លាស់ប្ដូរការគ្រប់គ្រងវេទិការប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលមានអ្នកប្រើប្រាស់រាប់លាននាក់នេះ។
គួរឱ្យដឹងថា កាលពីសប្ដាហ៍មុន កិច្ចពិភាក្សាគ្នាជុំវិញកិច្ចព្រមព្រៀងនេះ គឺហាក់បង្ហាញនៅភាពមិនប្រាកដប្រជានៅឡើយ ប៉ុន្តែស្រាប់តែមកដល់ចុងសប្ដាហ៍ កិច្ចចរចាគ្នាហាក់បង្កើនល្បឿន ក្រោយលោក Elon Musk បានទាក់ទាញម្ចាស់ភាគហ៊ុន Twitter ជាមួយនឹងព័ត៌មានលម្អិតនៃហិរញ្ញប្បទាននៃការផ្ដល់ជូនរបស់លោក។
គួរបញ្ជាក់ដែរថា លោក Elon Musk បានធ្វើការរិះគន់លើភាពរឹតត្បិតរបស់ Twitter ហើយលោកសម្រេចចិត្តទិញបណ្ដាញសង្គមមួយនេះ គឺដើម្បីផ្លាស់ប្ដូរវា ឱ្យទៅជាកន្លែងមួយ ដែលអ្នកប្រើប្រាស់អាចមានសេរីភាព ក្នុងការបញ្ចេញមតិ និង ការនិយាយស្ដី ដោយមិនមានភាពភ័យខ្លាចដូចមុន៕
ប្រភព៖ Reuters