ត្រៀមអាវភ្លៀងទៅ! ចាប់ពីស្អែក នៅតំបន់ទាំងនេះអាចនឹងមានភ្លៀងធ្លាក់ លាយឡំផ្គរ រន្ទះ ខ្យល់កន្ត្រាក់
ក្រសួងធនធានទឹក និង ឧតុនិយម នៅព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ បានចេញសេចក្ដីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២៧ ខែមេសា ដល់ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២២ ឱ្យបានដឹងថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ខ្សោយពីប៉ាស៊ីហ្វិក ជាមួយនឹងឥទ្ធិពលពីជ្រលងសម្ពាធទាប រុញច្រានពីមហាសមុទ្រឥណ្ឌា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C
– ចាប់ពីថ្ងៃទី ២៧-២៨ ខែមេសា នឹងអាចមានភ្លៀងដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម ។ បន្ទាប់ពី នោះ បរិមាណភ្លៀងនឹងកើនឡើង លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។
២. បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
– ចាប់ពីថ្ងៃទី ២៧-២៨ ខែមេសា អាចមានភ្លៀងដោយអន្លើក្នុងកម្រិតពីខ្សោយទៅមធ្យម។ បន្ទាប់ពី នោះបរិមាណភ្លៀងនឹងកើនឡើង លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
– នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់ក្រសួង ៖