និស្សិតស្រីលង្ការាប់ពាន់នាក់ បំបុកទៅផ្ទះនាយករដ្ឋមន្ត្រីទាមទារឱ្យចុះពីតំណែង ក្រោយផ្ទុះវិបត្តិសេដ្ឋកិច្ច
កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ កន្លងទៅ និស្សិតមហាវិទ្យាល័យរាប់ពាន់នាក់ក្នុងប្រទេសស្រីលង្កា បាននាំគ្នាបំបុកចូលផ្ទះលោកនាយករដ្ឋមន្ត្រី Mahinda Rajapaksa ដើម្បីធ្វើការទាមទារឱ្យលោកលាលែងពីតំណែង ជុំវិញវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងប្រទេស។
បាតុកម្មទម្លាក់នាយករដ្ឋមន្ត្រីនេះដែរ បង្ហាញឱ្យឃើញក្រុមនិស្សិតជាច្រើន បាននាំគ្នាបំបុកចូលរនាំងការពាររបស់ប៉ូលិស ក្រោយក្រុមប៉ូលិស បានធ្វើការពង្រាយរបាំងដែកការពារតាមដងផ្លូវមួយចំនួន ដើម្បីជាការបញ្ឈប់ក្រុមបាតុករ។
គួរឱ្យដឹងថា រាប់ខែហើយ ដែលពលរដ្ឋគ្មានអគ្គិសនីប្រើប្រាស់ កង្វះម្ហូបអាហារ និងប្រេងសាំងក៏កាន់តែក្សត់ថយ។ វិបត្តិសេដ្ឋកិច្ចក្នុងប្រទេសស្រីលង្កានាពេលនេះ គឺបណ្ដាលឱ្យពលរដ្ឋក្នុងប្រទេសបង្ហាញការមិនពេញចិត្តជាខ្លាំងចំពោះលោកនាយករដ្ឋមន្ត្រី Mahinda Rajapaksa ដែលកំពុងព្យាយាមរកដំណោះស្រាយជាមួយវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងប្រទេស គិតតាំងពីឯករាជ្យក្នុងឆ្នាំ ១៩៤៨ មក៕