អ្នកឆ្នាំកុរ! ឆ្នាំថ្មីនេះ ទំនាយទាយថា បើរៀបការនឹងល្អផ្ដាច់ ទទួលបានលាភជាបន្ទាន់
ទេវធីតាឆ្នាំថ្មី ព្រះនាង ករិណីទេវី បុត្រីទី ៥ នៃកបិលមហាព្រហ្ម ទ្រង់បានយាងមកគ្រប់គ្រងជម្ពូទ្វីបមនុស្សលោក កាលពីថ្ងៃ ១៤ មេសា គ្រិស្តសករាជ ២០២២ កន្លងទៅ ដែលទ្រង់គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌បៃតង លម្អនូវព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សោយសណ្ដែក-ល្ង ព្រះហស្តស្ដាំទ្រង់កង្វេរ ព្រះហស្តឆ្វេងទ្រង់កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេតនៅលើខ្នងដំរី (គជសារ) ជាយានពាហនៈ។
ក្នុងនោះ បើតាមសៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មការជាតិរៀបចំបុណ្យជាតិ និង អន្តរជាតិ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញអំពីជោគជតារាសីប្រចាំឆ្នាំខាលនេះ សម្រាប់លោកអ្នកកើតឆ្នាំកុរ ដូចខាងក្រោម ៖
– បើជាមនុស្សប្រុស ឆ្នាំកុរ ទំនាយថា ៖
ក្នុងឆ្នាំនេះ ជាឆ្នាំសម្រេចលាភផលជូនដល់កណ្ដាប់ដៃយើងហើយ ទោះសត្រូវកាចប៉ុនប៉ងប្រទូសរ៉ាយយ៉ាងដូចម្តេចក៏ដោយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការ ហើយនឹងបានទទួល ការលើកតម្កើងពីមនុស្សទូទៅ។ បើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះរាប់ថាល្អផ្តាច់ហើយ ប៉ុន្តែឧបសគ្គរបស់អ្នក ក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិព័ន្ធ នឹងផ្តល់សេចក្តីរំខាន ដល់អ្នកក្នុងរយៈឆ្នាំនេះមួយចំនួន។
– បើជាមនុស្សស្រី ឆ្នាំកុរ ទំនាយថា ៖
ក្នុងឆ្នាំនេះ អ្នកនឹងបានមុខការងារធ្វើជាពិតប្រាកដ បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួន មុខជាបានសម្រេចដូចសេចក្តីប្រាថ្នា ជួបលាភផលយ៉ាងបន្ទាន់។ បើទោះជាយ៉ាង នោះក៏ដោយ ក៏គង់តែនៅមានមនុស្សឫស្យា ចំពោះលទ្ធផលរបស់អ្នកជានិច្ច តែអ្នកកុំខ្លាចឱ្យសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង។ ចូរអ្នកប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ ណាមួយមកបញ្ចុះបញ្ចូលបញ្ចោរលើកជើងអ្នក ឱ្យចូលរួមការងារជាមួយគេ ទោះការងារនោះមានសភាពយ៉ាងណាក៏ដោយ សុទ្ធតែមិនបរិសុទ្ធទាំងអស់ ហើយមិនគួរលីសែងរែកពុនលើកដាក់របស់ធ្ងន់ហួសពេកទេ ក្រែងថ្លោះចង្កេះគ្រេចឆ្អឹងខ្នង៕