ភ័យតិចអី! កំលោះដឹកអាហារម្នាក់ឆ្លេឆ្លាស្លន់រកច្រកចេញមិនបាន សង្ស័យភ្ញៀវកាក់ទុក ព្រោះសង្ហាពេក
ថ្មីៗនេះ មានអ្នកដឹកអាហាររូបសង្ហាជនជាតិថៃម្នាក់បានទម្លាយបទពិសោធដឹកអីវ៉ាន់ឱ្យភ្ញៀវមួយរបស់ខ្លួន តាមរយៈបណ្តាញ Tiktok ដែលធ្វើឱ្យមានការហួសចិត្តជាខ្លាំង ដោយកំលោះម្នាក់នេះ បានដឹកអាហារឱ្យភ្ញៀវដល់ផ្ទះ ស្រាប់តែត្រូវគេបិទរបងឃាំងទុកអស់ជាងមួយម៉ោង ទម្រាំតែបានចេញមកវិញ មហាជននាំគ្នាសង្ស័យព្រាតថា ព្រោះតែគេសង្ហាពេក។
បុរសខាងលើនេះ បានឱ្យដឹងថា មានយប់មួយនោះខ្លួនបានដឹកឱ្យអាហារឱ្យភ្ញៀវជាជនជាតិចិននៅផ្ទះមួយកន្លែង ហើយមើលទៅគេនិយាយភាសាថៃមិនបាននោះទេ។ ពេលទៅដល់បុរសរូបនេះ ក៏បានជិះចូលក្នុងរបងផ្ទះ រួចក៏យកអាហារឱ្យភ្ញៀវតាមធម្មតា ភ្ញៀវក៏បានមកទទួលអាហាររួចដើរចូលទៅក្នុងវិញ ប៉ុន្តែខណៈបុរសរូបនេះកំពុងតែបត់ម៉ូតូរកចេញត្រឡប់មកវិញ ស្រាប់តែទ្វាររបងនោះបិទទៅដោយខ្លួនឯងតែម្តង គេក៏បានស្រែកហៅឱ្យភ្ញៀវបើកទ្វារឱ្យ តែមិនមានអ្នកចេញមកទេ សូម្បីតែខលទៅក៏មិនលើក ខំដើររកជុំវិញផ្ទះក៏មិនឃើញដែរ។
ហេតុការណ៍នេះ បានធ្វើអ្នកដឹកអាហាររូបនេះភ័យជាខ្លាំង មិនដឹងជារកផ្លូវចេញកន្លែងណាបាន ហើយក៏ចំពេលយប់ទៀតមិនហ៊ានខលប្រាប់ប៉ូលិស ព្រោះខ្លាចមានរឿងកាន់តែធំ ក៏សុខចិត្តនៅឈរភ័យនៅទីនោះ។ យ៉ាងណាមិញ ជាងមួយម៉ោងក្រោយមក ក៏មានឡានមួយបានបើកចូលមក ឆ្លៀតពេលនោះអ្នកដឹកអាហាររូបនេះ ក៏អាចចេញទៅក្រៅវិញបានទាំងអស់ព្រលឹង។
យ៉ាងណាមិញ មហាជនអ្នកគាំទ្រក៏ចូលទៅខមមិនជាការយល់ឃើញផ្សេងៗជាច្រើន តែក៏មានអ្នកខ្លះខមមិនបែបលេងសើចថា ប្រហែលមកពីអ្នកដឹកស្អាតពេកហើយមើលទៅ បានជាភ្ញៀវមិនដាច់ចិត្តឱ្យចេញមកវិញបែបនេះ៕