ពិធីបុណ្យស-ពចម្លែក យកមីកញ្ចប់ មីកំប៉ុងមកលម្អជំនួសផ្កាស្អេកស្កះ តាមពិតមកពីហេតុផលនេះ
ថ្មីៗនេះ មានពិធីបុណ្យសពមួយនាប្រទេសថៃមួយ កំពុងតែទាក់ទាញចំណាប់អារម្មណ៍មហាជនលើបណ្តាញសង្គមហ្វេសប៊ុកជាខ្លាំង ដោយក្នុងពិធីនេះគេសង្កេតឃើញមានសុទ្ធតែមីកញ្ចប់ មីកំប៉ុង និងអាហារកញ្ចប់ផ្សេងៗ ដែលត្រូវបានគេយកមកលម្អពាសពេញ ជំនួសឱ្យផ្កាស្រស់ខុសពីបុណ្យសពទូទៅ។
តាមព័ត៌មានបានឱ្យដឹងថា អ្នកស្លាប់មានជាភេទប្រុស វ័យ ៦៨ ឆ្នាំ ហើយមុននឹងបាត់បង់ជីវិតទៅនោះ លោកបានផ្តែផ្តាំកូនចៅគ្រប់គ្នាថា មិនបាច់យកផ្កាមកតុបតែងលម្អអ្វីនៅក្នុងបុណ្យសពរបស់ខ្លួននាំឱ្យអស់លុយអត់ប្រយោជន៍នោះទេ ព្រោះចប់ពិធីទៅក៏ត្រូវយកទៅបោះចោលទទេដដែល លោកឱ្យលម្អ ឬក៏ធ្វើអ្វីដែលមានប្រយោជន៍វិញ ដូចជាដាក់អាហារកញ្ចប់ ជាដើម។
យ៉ាងណាមិញ ឮដូចនេះហើយ នៅពេលដែលបុរសនោះបាត់បង់ជីវិតទៅ ខាងក្រុមគ្រួសារញាតិមិត្ត ក៏បានចាត់ចែងបុណ្យសពឱ្យ ហើយក៏បានរៀបចំលម្អតាមការផ្តែផ្តាំ ដោយបានប្រើមីកញ្ចប់អស់ជាង ៥០០ កញ្ចប់ មីកំប៉ុង ៤០០ កំប៉ុង ទឹកដោះគោកញ្ចប់ ២០ កេស ព្រមជាមួយអាហារកញ្ចប់ច្រើនមុខច្រើនបែបផ្សេងៗផងដែរ។
ក្រោយពីពិធីបុណ្យបានបញ្ចប់រួចរាល់ ខាងគ្រួសារក៏នឹងនាំយកអាហារទាំងនេះ ទៅចែកឱ្យកុមារនៅមណ្ឌលកុមារកំព្រា និង ចាស់ជរា ក៏ដូចជាអ្នកអត់ឃ្លានទាំងឡាយថែមទៀតផង ដើម្បីជាបុណ្យកុសលឧទ្ទិសឱ្យអ្នកស្លាប់បន្ថែម៕