ត្រៀមៗ! ឆ្លងខែថ្មី ចូលរដូវវស្សាហើយ រាជធានី-ខេត្តមួយចំនួន អាចប្រឈមជំនន់ទឹកភ្លៀងនៅពាក់កណ្ដាលរដូវ
នៅថ្ងៃទី ២០ មេសា ឆ្នាំ ២០២២ នេះ ក្រសួងធនធានទឹក និង ឧតុនិយម បានជម្រាបជូនដំណឹងដល់សាធារណជន ឲ្យបានជ្រាបអំពីការព្យាករអាកាសធាតុលើកទី ២ សម្រាប់ឆ្នាំ ២០២២។
ក្នុងនោះ ក្រសួងក៏បានបញ្ជាក់ពីរដូវវស្សា ឆ្នាំ ២០២២ នេះថា ៖
ក. ដើមរដូវវស្សា
រដូវវស្សាឆ្នាំ ២០២២ នឹងចូលមកដល់នៅសប្តាហ៍ទី ១ នៃខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀង ពីមធ្យមទៅច្រើន នឹងអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និង របាយទឹកភ្លៀង ធ្លាក់រាយប៉ាយបានល្អ។ នៅដើមរដូវវស្សានេះ នឹងអាចមានភ្លៀង លាយឡំផ្គរ រន្ទះ និង ខ្យល់គួចរយៈពេលខ្លី (Squall) កើតមានច្រើន។
ខ. ពាក់កណ្តាលរដូវវស្សា
ចាប់ពីខែសីហា ដល់ខែតុលា ភ្លៀងនឹងអាចធ្លាក់រាយប៉ាយ បានល្អលើផ្ទៃប្រទេស ជាមួយនឹងបរិមាណទឹកភ្លៀងពីបង្គួរទៅច្រើន នឹងអាចខ្ពស់ ជាងមធ្យមភាគច្រើនឆ្នាំ។ នៅពាក់កណ្តាលរដូវវស្សានេះ នឹងអាចមានភ្លៀងលាយ ឡំផ្គរ រន្ទះ និង បណ្តុំខ្យល់គួច (Trump Wind or Whirl Wind) បន្តកើតមានច្រើន ក្នុងនោះ នឹងអាចបណ្តាលឱ្យបណ្តារាជធានី ខេត្តមួយចំនួន ដែលមានភូមិសាស្ត្រជាប់ ក្បែរនឹងតំបន់ភ្នំ និង ទីទំនាបជាប់ផ្លូវទឹក ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង។
គ. ចុងរដូវវស្សា
រដូវវស្សា អាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី ៤ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹក ភ្លៀងពីមធ្យមទៅបង្គួរ។ នៅចុងរដូវវស្សានេះ អាចមានភ្លៀងលាយឡំផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់មធ្យម។
ដោយឡែក ចំពោះស្ថានភាពព្យុះវិញ នៅក្នុងឆ្នាំ ២០២២ នេះ ចំនួនព្យុះអាចនឹងកើតឡើងក្នុងរង្វង់ពី ២៦-២៨ ព្យុះ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នឹងអាចមានមួយចំនួនទៀត កើតឡើងផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖