ធុញប្តីដេកមមើរាប់លេខពេក ប្រពន្ធទៅទិញឆ្នោតតាមលេខមមើនោះ ស្រាប់តែត្រូវអាលេខធំ ១៧ ម៉ឺនដុល្លារ
ថ្មីៗនេះ មានរឿងរ៉ាវមួយបានកំពុងតែធ្វើឱ្យមានការហួសចិត្តអស់សំណើចពេញបណ្តាញសង្គម ដោយមានស្ត្រីម្នាក់មានលាភត្រូវឆ្នោតធំជាង ១៧ ម៉ឺនដុល្លារ ព្រោះតែយកលេខដែលប្តីដេកមមើទៅទិញឆ្នោត មានអីរស់ស្រួលមួយគ្រួសារ។
តាមព័ត៌មានឱ្យដឹងថា ស្រ្តីខាងលើនេះ ជាអ្នកលក់ទឹកជិតកន្លែងធ្វើការមួយកន្លែង នាខេត្តបុរីរ៉ាំ ប្រទេសថៃ ហើយដើមហេតុនៃការត្រូវឆ្នោតនេះ គឺដំបូងឡើយគាត់បានទៅការកូនប្រុសនាខេត្តឧប៊ុនរាឆៈថានី ប្រទេសថៃ រួចក៏ត្រឡប់មកសម្រាកនៅរីសតមួយកន្លែងវិញ។
ស្រាប់តែយប់ឡើង ពេលកំពុងសម្រាន្ត ប្តីរបស់គាត់ក៏មមើនិយាយដល់លេខ ១៩ ៩១ មិនឈប់ឡើយ ហើយពេលនោះ គាត់ក៏ហាក់មួម៉ៅមិនតិចដែរ ដោយប៊ិះនឹងធាក់ប្តីទម្លាក់គ្រែទៀតផង ព្រោះតែទើបធ្វើដំណើរហត់ បែរជាមកត្រូវប្តីរំខានដំណេកបែបនេះទៀត។
យ៉ាងណាមិញ លុះដល់ព្រឹកឡើង ក៏នៅតែនៅមួម៉ៅដដែល តែនឹកឃើញអីក៏កាត់លេខ រួចទៅទិញឆ្នោតលេខដែលប្តីបានដេកមមើនោះវិញ ស្រាប់តែចុងក្រោយសំណាងមកដល់ ក៏ត្រូវឆ្នោតធំទីមួយ បានលុយសរុបរហូតដល់ជាង ១៧ ម៉ឺនដុល្លារឯណោះ ធ្វើសប្បាយចិត្តរំជើបរំជួលទាំងផ្ទះតែម្តង។
យ៉ាងណាមិញ លុយទាំងអស់នេះដែរ ស្រ្តីខាងលើបានឱ្យដឹងថា ខ្លួននឹងយកទៅសងបំណុល និង ប្រើប្រាស់សម្រាប់គ្រួសារ ជាពិសេសគឺទុកឱ្យកូនៗរៀន ហើយខ្លួនក៏នៅតែលក់ទឹកដដែលមិនឈប់ឡើយ៕