ហួសចិត្ត! កុម្ម៉ង់បាយដំណើបស្វាយទុំ ពេលបានដល់ដៃ បើកខ្វាកឃើញស្វាយហើយ ធ្លាក់ថ្លើមក្ឌុក
ថ្មីៗនេះ បាយដំណើបស្វាយទុំ កំពុងតែផ្ទុះក្លាយជាបង្អែមមួយប្រភេទយ៉ាងល្បីពេញនិយមរបស់ថៃ ក្រោយពីតារា Rapper ស្រី Milli បានយកវាទៅញ៉ាំនៅលើឆាកតន្ត្រីអន្តរជាតិ Coachella ប្រចាំឆ្នាំ 2022 ធ្វើមហាជនថៃនាំគ្នាស្ញើចសរសើរ និង មានមោទកភាពយ៉ាងខ្លាំង។
ក្នុងនោះ បាយដំណើបស្វាយទុំនេះ ក៏កំពុងតែលក់ដាច់ខ្លាំងដូចព្យុះក្នុងប្រទេសថៃ ដែលធ្វើឱ្យអ្នកលក់ៗនានា លក់សឹងមិនទាន់ឡើយ ហើយចំណែកនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌របស់ថៃ ក៏ថែមទាំងត្រៀមបញ្ចូលបង្អែមនេះ ជាសម្បត្តិវប្បធម៌បេតិកភណ្ឌអរូបីរបស់ប្រទេសថែមទៀតផង។
ជាមួយគ្នានេះ ក៏មានរឿងរ៉ាវមួយទាក់ទងនឹងបាយដំណើបស្វាយទុំនេះ ដែលកំពុងតែធ្វើឱ្យមានការហួសចិត្តអស់សំណើចពាសពេញបណ្តាញសង្គមឯប្រទេសថៃផងដែរ ដោយតាមរយៈគណនីហ្វេសប៊ុករបស់បុរសម្នាក់ បានឱ្យដឹងថា ខ្លួនបានកុម្ម៉ង់ទិញបាយដំណើបស្វាយទុំពីហាងមួយកន្លែង ស្រាប់គ្រាន់តែយកមកដល់ភ្លាម បើកប្រអប់ខ្វាក ថ្លើមក៏ធ្លាក់ដល់ដីដោយតែការហួសចិត្ត ព្រោះស្វាយដែលដាក់មកគឺជាស្វាយខ្ចីសស្លែត មិនដូចជាបាយដំណើបស្វាយគេទូទៅ ដែលធ្លាប់មានតែស្វាយទុំនោះទេ។
យ៉ាងណាមិញ មហាជនក៏ហួសចិត្ត និង អស់សំណើចមិនចាញ់គ្នាប៉ុន្មានដែរ ដោយម្នាក់ៗថែមទាំងចូលទៅខមមិនលេងសើចថែមទៀតថា ឱ្យទុកស្វាយនោះពីរបីថ្ងៃសិនទៅ សឹមយកមកហូបវិញទម្រាំតែវាទុំ៕