ផ្ទុះការចាប់អារម្មណ៍! មានការបកស្រាយថា ទេវតាឆ្នាំថ្មីដែលនឹងចុះមកនេះ ជាភរិយារបស់ព្រះឥន្ទ្រ
ទេវធីតាឆ្នាំថ្មី ព្រះនាង ករិណីទេវី បុត្រីទី ៥ នៃកបិលមហាព្រហ្ម ទ្រង់នឹងយាងមកគ្រប់គ្រងជម្ពូទ្វីបមនុស្សលោកនៅថ្ងៃ ១៤ ខែមេសា គ្រិស្តសករាជ ២០២២ វេលាម៉ោង ១០ និង ០០ នាទី ខាងមុខនេះ ដែលទ្រង់គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌បៃតង លម្អនូវព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សោយសណ្ដែក-ល្ង ព្រះហស្តស្ដាំទ្រង់កង្វេរ ព្រះហស្តឆ្វេងទ្រង់កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេតនៅលើខ្នងដំរី (គជសារ) ជាយានពាហនៈ។
ទន្ទឹមទៅនឹងពេលវេលាទេវតាឆ្នាំថ្មី នឹងយាងមកនេះ បើតាមការបញ្ជាក់ពីផេក បុរាណាចារ្យ បានឱ្យដឹងថា ទេវតាឆ្នាំថ្មី ជាភរិយាព្រះឥន្ទ្រ ដោយបានលើកឡើងនូវអំណះអំណាងសមស្របមួយថា នេះជារឿងដែលយើងមិនចាប់អារម្មណ៍ទាក់ទងនឹងរឿងតំណាលនៃពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅក្នុងសង្ក្រាន្តសូត្រ ដែលជានិទានបង្ហាញពីប្រភពនៃពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី ដែលបានតំណាលបង្ហាញប្រាប់ថា បុត្រីទាំង ៧ អង្ គនៃកបិលមហាព្រហ្ម គឺជា បាទបរិចារិកា របស់ព្រះឥន្ទ្រាធិរាជ។
ក្នុងនោះ បើតាមប្រភពខាងលើ បានបញ្ជាក់ទៀតថា ពាក្យ បាទបរិចារិកា នេះ សំដៅលើភរិយានៃអង្គព្រះរាជានេះឯង ដែលនៅក្នុងប្រពៃណីខ្មែរសម័យបុរាណ គេបែងចែក បាទបរិចារិកា ជា ៦ ថ្នាក់មានដូចជា ៖
ព្រះបិយោ (ឱ្យហៅ ព្រះបរម)
ព្រះស្នំ (ព្រះម្នាង)
ព្រះស្រឹង្គារ (ព្រះម៉ែនាង)
ព្រះក្រមការ (ព្រះនាង)
ព្រះស្រីការ (អ្នកម្នាង)
និង ព្រះកំណាន់ (អ្នកនាង)៕