បានទៅ កុំភ្លេចចូល! សៀមរាបឥឡូវ មានសួនផ្កាស្រស់ស្អាតនៅបន្ទាយស្រី អ្នកចូលចិត្តថតរូបត្រូវម៉ាច់តែម្ដង
ប្រិយមិត្តមួយចំនួន ច្បាស់ជាបានដឹងស្រាប់ហើយ ទឹកដីខេត្តសៀមរាប មិនត្រឹមតែជាទីឋានដែលសម្បូរទៅដោយប្រាង្គប្រាសាទនោះទេ តែថែមទាំងជាតំបន់សម្បូរទៅដោយកន្លែងកម្សាន្តជាច្រើន ដែលទើបតែបង្កើតឡើងថ្មីៗ។ ក្នុងនោះរួមមាន៖ ភូមិឋានស្នាក់នៅតាមបែបស្រុកស្រែចម្ការ តំបន់លម្ហែបែបមាត់ទឹក តំបន់លម្ហែធម្មជាតិជាប់ជើងភ្នំ និងសួនផ្កាដ៏ស្រស់ស្អាត ស័ក្តិសមបំផុត សម្រាប់អ្នកចូលចិត្តដើរកម្សាន្ត និង ថតរូបលេង។
ថ្ងៃនេះផងដែរ «ប្រជាប្រិយ» សូមណែនាំកន្លែងសួនផ្កាថ្មីមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលនៅទីនោះ ត្រូវបានគេនិយមហៅថា «សួនផ្កាកកោះជ្រុំ»។
សួនផ្កាកកោះជ្រុំ មានទីតាំងស្ថិតនៅ ភូមិកកោះជ្រុំ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប មានទេសភាពធម្មជាតិស្រស់ត្រកាល មានផ្កាជាច្រើនប្រភេទ ដាំជាជួរត្រៀបត្រាអែអង់រងចាំភ្ញៀវទេសចរ ទៅថតរូបលេងកម្សាន្តនៅទីនោះ។
អ្វីដែលកាន់តែពិសេសទៀតនោះ ក្រោយមានភ្លៀងធ្លាក់ដោយអន្លើ ទីតាំងដ៏ស្រស់ត្រកាលនេះ មានផ្ការីកស្គុះស្គាយគួរជាទីទាក់ចិត្ត ដែលប្រិយមិត្តអាចថតរូបលេងកម្សាន្តបែបជួបជុំមិត្តភក្តិ គ្រួសារ ឬដៃគូរស្នេហាជាដើម ដើម្បីបង្កើតអនុស្សាវរីយ៍ ក្នុងសួនផ្កាថ្មី នាទឹកដីបន្ទាយស្រី ខេត្តសៀមរាបនេះ បានយ៉ាងរីករាយផងដែរ៕
រូបភាព ៖ អាណាចក្រត្រាវែល