ក្ដៅដូចបាយពុះ! រុស្ស៊ីព្រមាន តម្លៃប្រេងនឹងឡើងដល់ ៣០០ ដុល្លារមួយបារ៉ែល បើប្រទេសលោកខាងលិចបដិសេធមិននាំចូលប្រេងពីរុស្ស៊ី
បណ្ដាប្រទេសនៅលោកខាងលិច អាចប្រឈមនឹងការឡើងថ្លៃប្រេងខ្ពស់ខ្លាំងរហូតដល់ ៣០០ ដុល្លារក្នុងមួយបារ៉ែល រួមទាំងប្រឈមខ្ពស់នឹងការបិទបំពង់បង្ហូរឧស្ម័នចម្បងរបស់រុស្ស៊ី-អាល្លឺម៉ង់ផងដែរ ប្រសិនបើរដ្ឋាភិបាលធ្វើតាមការគំរាមកំហែងក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់ថាមពលពីប្រទេសរុស្ស៊ី។
តាមការចេញផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា កាលពីថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ តម្លៃប្រេងបានមានការហក់ឡើងក្នុងកម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានតាំងពីឆ្នាំ ២០០៨ មក ក្រោយរដ្ឋលេខាធិការសហរដ្ឋអាមេរិក Antony Blinken បានបញ្ជាក់ថា ក្រុង Washington និង សម្ព័ន្ធមិត្តនៅអឺរ៉ុប កំពុងពិចារណាលើការហាមឃាត់ការនាំចូលប្រេងពីប្រទេសរុស្ស៊ី។
ថ្លែងក្នុងកញ្ចក់ទូរទស្សន៍ជាតិ លោក Alexander Novak ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី បានបញ្ជាក់ដែរថា ៖«វាសរបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា ការបដិសេធមិននាំចូលប្រេងពីរុស្ស៊ី គឺនឹងនាំឱ្យកើតមានជាផលវិបាកមហន្តរាយដល់ទីផ្សារពិភពលោក។ ការកើនឡើងនៃតម្លៃប្រេងនឹងមិនអាចរំពឹងទុកមុនបាននោះទេ។ វាអាចនឹងឡើងដល់ ៣០០ ដុល្លារក្នុងមួយបារ៉ែលក៏ថាបាន»។
លោក Novak បានថ្លែងបន្តទៀតថា ប្រទេសអឺរ៉ុបនឹងទាមទារពេលច្រើនជាង ១ ឆ្នាំ ក្នុងការជំនួសបរិមាណប្រេងដែលទទួលបានពីរុស្ស៊ី ហើយពួកគេនឹងត្រូវធ្វើការចំណាយក្នុងតម្លៃខ្ពស់ខ្លាំង។
លោកឧបនាយករដ្ឋមន្ត្រីរូបនេះបានបន្ថែមទៀតថា ៖«អ្នកនយោបាយអឺរ៉ុប ត្រូវមានការស្មោះត្រង់ក្នុងការព្រមានដល់ពលរដ្ឋ និង អ្នកប្រើប្រាស់ទាំងអស់ពីអ្វីដែលពួកគេត្រូវរំពឹងទុក។ ប្រសិនបើអ្នកចង់បដិសេធមិនទទួលការផ្គត់ផ្គង់ថាមពលពីរុស្ស៊ីទៀត មិនអីទេអ្នកធ្វើចុះ។ ពួកយើងគឺបានត្រៀមខ្លួនរួចរាល់ហើយ។ ពួកយើងដឹងថាយើងគួរប្ដូរទិសដៅទៅកន្លែងណាវិញហើយ»៕
ប្រភព៖ CNN