មុនក្លាយជាអភិបាលខេត្តសៀមរាប លោក ទៀ សីហា ធ្លាប់ឆ្លងកាត់ការសិក្សា និង មានប្រវត្តិការងារគួរឱ្យសរសើរ
លោក ទៀ សីហា ជាអភិបាលខេត្តសៀមរាប ដែលមានស្នាដៃអភិវឌ្ឍន៍ម្នាក់។ កំឡុងពេលដែលលោកគ្រប់គ្រងខេត្តសៀមរាប គេសង្កេតឃើញថា លោកទទួលបានការសាទរជាខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ដោយលោកបានបញ្ចេញសមត្ថភាព និង ស្នាដៃ ចូលរួមអភិវឌ្ឍន៍ខេត្តសក្តានុពលទេសចរណ៍ ឱ្យកាន់តែលេចធ្លោ។
ដោយឡែក មុននឹងក្លាយជាអភិបាលខេត្តគំរូដូចសព្វថ្ងៃនេះ លោកធ្លាប់ឆ្លងកាត់ការសិក្សា និង មានប្រវត្តិការងារដូចខាងក្រោម ៖
ព័ត៌មានផ្ទាល់ខ្លួន
នាមត្រកូល ៖ ទៀ សីហា។
ថ្ងៃខែឆ្នាំកំណើត ៖ កើតនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ១៩៨០ នៅរាជធានីភ្នំពេញ។
ស្ថានភាពគ្រួសារ ៖ លោកជាកូនប្រុសទី ២ របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
កម្រិតវប្បធម៌
– កាលពីកុមារភាព លោកបានសិក្សានៅសាលាបឋមសិក្សាចតុមុខ ក្នុងខណ្ឌដូនពេញ រាជាធានីភ្នំពេញ។
– លុះវ័យជំទង់ ត្រូវចូលរៀនកម្រិតមធ្យមសិក្សា លោកត្រូវបានឪពុកម្តាយ បញ្ជូនឱ្យទៅសិក្សានៅសាលា Lycée Passy Saint-Honoré ប្រទេសបារាំង រហូតប្រឡងចូលមហាវិទ្យាល័យនៅទីនោះ។
– លោកបានបញ្ចប់បរិញ្ញាបត្រ ផ្នែកពាណិជ្ជកម្ម ពីមហាវិទ្យាល័យ Passy Saint-Honoré នាទីក្រុងប៉ារីស ប្រទេសបារាំង នៅឆ្នាំ ២០០១។ ក្នុងដំណាក់កាលនោះ លោកបានចូលសិក្សារយៈពេលពេញមួយឆ្នាំ នៅសាលាទាហាន ឈ្មោះ École Spéciale Militaire de Saint-Cyr ដែលជារាជបណ្ឌិត្យសភាយោធារបស់ប្រទេសបារាំង។
ប្រវត្តិការងារ
- ក្រោយបញ្ចប់ការសិក្សា លោកបានវិលត្រឡប់មកកាន់មាតុភូមិវិញឆ្នាំ ២០០១ រួចចូលបម្រើការជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ក្នុងពេលនោះ លោកក៏ឆ្លៀតពេល បង្កើនសមត្ថភាពផ្នែកគ្រប់គ្រង នៅរាជបណ្ឌិត្យសភារដ្ឋបាលជាន់ខ្ពស់នាឆ្នាំ ២០០៧-២០០៨។
- នៅឆ្នាំ ២០១០-២០១៣ ស្របពេលវិវាទដីធ្លីកំពុងតែកើតឡើង រាជរដ្ឋាភិបាលបានបង្កើតក្រុមនិស្សិតស្ម័គ្រចិត្តវាស់វែងដីធ្លី នៅទូទាំងប្រទេស ដើម្បីផ្តល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋ លោកក៏ត្រូវបានចាត់តាំង ជាប្រធានក្រុមយុវជនស្ម័គ្រចិត្តខេត្តសៀមរាប ដែលក្នុងដំណាក់កាលនោះ លោកត្រូវបានតែងតាំងជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាបផងដែរ។
- លោក ទៀ សីហា ជានាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ អត្តលេខ ០១៩៨៦៤ ទទួលបានការដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ត្រី ដោយព្រះរាជក្រឹត្យចុះថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០១១ និងទទួលបានការដំឡើងឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ទោ ដោយព្រះរាជក្រឹត្យចុះថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៤។
-លោកជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។ ក្រៅពីបំពេញការងារជានាយទាហានជាន់ខ្ពស់ នៃកងយោពលខេមរភូមិន្ទ និងការងារផ្នែកសង្គមនៅតាមបណ្ដាមូលដ្ឋាននានា ជាមួយក្រុមយុវជនរបស់សហភាពសហព័ន្ធយុវជនកម្ពុជា លោក តែងតែអមដំណើរក្នុងបំពេញបេសកកម្មនៅក្រៅប្រទេសរបស់សម្ដេចពិជ័យសេនា ទៀ បាញ់៕
ប្រភព ៖ Fresh News