ចែកគ្នាដឹង! បើមានបញ្ហាអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សូមទាក់ទងទៅលេខមួយនេះ
កន្លងមក គេតែងសង្កេតឃើញមហាជន ក៏ដូចជាប្រជាពលរដ្ឋយើងមួយចំនួនតូច តែងតែមានចម្ងល់ ក៏ដូចជាចង់ដឹង ពាក់ព័ន្ធទៅនឹងបញ្ហានានា នៃសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ក៏ដូចជាអត្តសញ្ញាណប័ណ្ណដែលខ្លួនមាន ដោយពុំដឹងថាត្រូវដោះស្រាយដោយវិធីបែបណា នៅពេលដែលខ្លួនបាត់ ឬមានបញ្ហាអ្វីមួយ។
ទាក់ទិនទៅនឹងរឿងនេះ បើតាមការបញ្ជាក់ពីគណនីផ្លូវការ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ៖ «ក្នុងនាមជាអ្នកទទួលខុសត្រូវលេខ ១១៧ ខ្ញុំសូមប្រកាស ជូនប្រជាជនកម្ពុជា ទូទាំងប្រទេសថា បើមានបញ្ហាលើ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សូមទូរស័ព្ទទៅលេខ ១១៧»។
បន្ថែមលើសពីនេះ ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ខាងលើក៏បានបញ្ជាក់ផងដែរថា ខាង ១១៧ នឹងជួយដោះស្រាយរាល់បញ្ហានេះ ដោយក្តីរីករាយ ខណៈក្រុមការងារបម្រើការជូន ២៤ ម៉ោង លើ ២៤ ម៉ោង និង ៧ ថ្ងៃ ១ សប្តាហ៍ ដែលផ្ដល់ភាពងាយស្រួល សម្រាប់ប្រជាពលរដ្ឋក្នុងការទំនាក់ទំនង៕