ខ្ជិលពេកបន្លំធ្វើឈឺជិត ២០ ឆ្នាំឱ្យម្តាយបម្រើ ចុងក្រោយអស់លក្ខកណ្តាលយប់ពេលទ្រាំឃ្លានបាយមិនបាន
កាលពីពេលថ្មីកន្លងទៅនេះ មានព័ត៌មានមួយពីប្រទេសចិន ធ្វើឱ្យមហាជនហួសចិត្តពេញបណ្តាញសង្គមតែម្តង ដោយមានស្ត្រីអាយុ ៣៥ ឆ្នាំម្នាក់ បន្លំធ្វើជាដេកឈឺស្លាប់ដៃជើងឱ្យគេបម្រើអស់ជាង ២០ ឆ្នាំ តែចុងក្រោយភ្លាត់ស្នៀតឱ្យគេចាប់បានយ៉ាងអាម៉ាស់។
តាមព័ត៌មានបានឱ្យដឹងថា ស្ត្រីខាងលើនេះ កើតមកជាកូនពៅក្នុងគ្រួសារមួយដែលបងប្អូន ៨ នាក់ ព្រមទាំងមានតែម្តាយម្នាក់ប៉ុណ្ណោះជាបង្គោលគ្រួសារ។ ហើយនាងជាក្មេងមិនសូវមាំទាំមកតាំងពីក្មេង ទើបម្តាយតែងតែស្រឡាញ់ថ្នាក់ថ្នមយកចិត្តយកថ្លើមជាងគេ ថែមទាំងមិនឱ្យនាងធ្វើអ្វីឡើយ សូម្បីបាយទឹកក៏បញ្ចុកដល់មាត់គ្រប់ពេលដែរ។ យូរៗទៅ នាងក៏ក្លាយជាមនុស្សខ្ជិល ថែមខូច មិនចង់ធ្វើអ្វីឡើយ ហើយនៅពេលចង់បានអ្វីមួយ នាងចេះតែស្រែកឡូឡាជានិច្ច ដែលមើលទៅពិតជាគួរឱ្យរំខានមែនទែន។
មិនយូរប៉ុន្មាន នៅពេលនាងអាយុ ១៦ ឆ្នាំ នាងក៏បានឈ្លោះគ្នាជាមួយនឹងបងប្រុសយ៉ាងខ្លាំង រហូតត្រូវគេទះពីរកំផ្លៀង ដែលធ្វើនាងកើតទុក្ខមិនសុខចិត្តរហូតធ្លាក់ខ្លួនឈឺ។ ម្តាយក៏ប្រចាំប្រញាល់យកកូនទៅពេទ្យ តែពេទ្យក៏ប្រាប់ខ្លួនប្រាណនាងធម្មតាទាំងអស់ មិនបានប៉ះពាល់ត្រង់ណាឡើយ តែស្ត្រីរូបនេះ នៅតែបញ្ចេញអាការធ្វើដូចជាឈឺ ដេកនៅលើគ្រែឱ្យម្តាយបម្រើដដែល។
ក្រោយមកម្តាយក៏បានស្លាប់ ហើយស្ត្រីរូបនេះ ក៏ត្រូវបងស្រីយកទៅមើលថែនៅផ្ទះខ្លួនវិញ ប៉ុន្តែចាប់តាំងពីពេលនោះមក បងស្រីក៏ឧស្សាហ៍ឃើញស្រមោលខ្មៅនៅក្នុងផ្ទះនោះ នៅពេលត្រឡប់មកពីធ្វើការវិញ ដោយការសង្ស័យគេក៏លួចបំពាក់កាមេរ៉ាចោល។ ប្រាកដថា ចុងក្រោយគេក៏ចាប់បានតែម្តង តាមរយៈកាមេរ៉ា តាមពិតទៅស្រមោលនោះ គឺជាស្រមោលរបស់ស្ត្រីដេកឈឺជាប្អូនស្រីសោះ ដោយគេតែងតែលួចងើបពីគ្រែទៅចង្រ្កានបាយរកអីញ៉ាំនៅពេលដែលអ្នកផ្ទះចេញទៅធ្វើការអស់ រួចមកគេងកន្លែងដើមវិញ។
យ៉ាងណាមិញ បងស្រីក៏មកតទល់រឿងនេះជាមួយប្អូនស្រី ស្រាប់តែគេធ្វើដូចជាមិនមានរឿងអ្វីកើតឡើងឡើយ ហើយក៏បង្ខំនាំគេទៅមន្ទីរពេទ្យ ពេទ្យក៏ប្រាប់ថារាងកាយរបស់គេរឹងមាំធម្មតា តែសុខភាពផ្លូវចិត្តរបស់គេមិនសូវល្អនោះទេ ព្រោះធ្លាប់តែមានមនុស្សចាំលួងយកចិត្តគ្រប់ពេលទើបក្លាយជាបែបនេះ៕