ល្អាងភ្នំនាគរាជនៅថៃ មានតារាល្បីៗសម្រុកទៅទស្សនាភ្លូកទឹកភ្លូកដី ព្រោះតែមូលហេតុនេះ
បើនិយាយដល់កន្លែងចម្លែកស័ក្ដិសិទ្ធិនៅប្រទេសថៃ ពិតជាមិនខ្វះនោះទេ តែកន្លែងមួយដែលគួរឱ្យចាប់អារម្មណ៍ហើយអាចនិយាយបានថាល្បីជាងគេនោះ គឺល្អាងនាគរាជ ឬ ជាទីតាំងជំនឿយ៉ាងមុតមាំទាក់ទងទៅនឹងស្តេចពស់នាគរាជរបស់ប្រជាជនថៃនោះឯង។
យ៉ាងណាមិញ ល្អាងនាគរាជនេះ មានទីតាំងស្ថិតនៅតំបន់ឧទ្យានជាតិភូឡាំងកា ខេត្តបឹងកានប្រទេសថៃ ហើយបើចង់ធ្វើដំណើរទៅដល់ល្អាងនេះ គេត្រូវឡើងតាមកាំជណ្តើរភ្នំ រយៈពេលប្រហែល ៣ ទៅ ៤ ម៉ោងឯណោះ។
ជាពិសេសនៅលើភ្នំនេះ គេឃើញមានសម្បូរទៅដោយថ្មធំវែងៗជាច្រើន ដែលមើលទៅស្រដៀងទៅនឹងរូបរាងពស់យក្សដូច្នោះឯង ព្រោះមើលមានទាំងស្រកា ព្រមទាំងមានក្បាល និងកន្ទុយថែមទៀតផង។
ដោយឡែក តាមជំនឿរបស់ប្រជាជនថៃ គេជឿថាថ្មទាំងនេះ តាមពិតទៅជានាគរាជ ដែលបានត្រូវបណ្តាសាររហូតត្រូវក្លាយជាថ្ម។ ក្នុងនោះតំណាលរឿងនេះ បានពាក់ព័ន្ធជាមួយនឹងរឿងស្នេហាមិនសមប្រកបរវាងមនុស្ស នឹងនាគរាជ ដែលបង្កឱ្យមានជម្លោះការយល់ច្រឡំ រហូតដល់ក្លាយជាការបំផ្លាញគ្នា ដោយការដាក់បណ្តាសារឱ្យក្លាយជាថ្មនេះឯង។
យ៉ាងណាមិញ កន្លែងមួយនេះ ត្រូវបានប្រជាជនថៃគោរពបូជាខ្លាំងបំផុត ហើយក្រៅពីជំនឿលើនាគរាជហើយ គេក៏ជឿថានៅទីនេះក៏ជាទីរបស់អារុក្ខអារក្សទេវតាធំៗ ព្រមទាំងជាស្រុកបង់បត់ (អម្បូរអារក្សភ្នំ) ដែលមានបារមីតាមថែរក្សាជាដើម។
លើសពីនេះទៀត គេក៏ឃើញមានតារាល្បីៗរបស់ថៃជាច្រើននាក់ បានតស៊ូឡើងទៅគោរពសក្ការៈកន្លែងនេះដូចគ្នា ដែលរឹតតែធ្វើឱ្យកន្លែងស័ក្ដិសិទ្ធិមួយនេះ កាន់តែទាក់ទាញចំណាប់អារម្មណ៍បានច្រើនជាងមុនតែម្តង៕