កម្របានដឹង! តាមពិតឆ្មាសម្បុរ ៣ ជាសត្វដ៏ពិសេស ធ្លាប់គេយកធ្វើព្រះរាជពិធី រាជាភិសេកព្រះមហាក្សត្រ
តាមរយៈជំនឿរបស់ខ្មែរយើងពីបុរាណ សត្វឆ្មាសម្បុរ ៣ ត្រូវបានគេចាត់ទុកថាជាសត្វចាំផ្ទះ ជាសត្វនាំមកនូវសេចក្តីសុខ សំណាង លាភសក្ការៈ យសស័ក្តិ សុភមង្គល និង ភាពត្រជាក់ត្រជុំដល់ម្ចាស់ផ្ទះ។ ដូច្នេះទើបគេសង្កេតឃើញថា តាំងពីដើមរៀងមក នៅរាល់ពេលមានពិធីឡើងគេហដ្ឋានថ្មីម្តងៗ គេតែងតម្រូវឱ្យម្ចាស់ផ្ទះបីសត្វឆ្មា ជាពិសេសឆ្មាសម្បុរ ៣ ដើរព័ទ្ធប្រទក្សិណជុំវិញផ្ទះ ៣ ជុំ ដើម្បីជាសិរីសួស្តីដល់គេហដ្ឋានថ្មីទៀតផង។
ក្នុងនោះផងដែរ បើតាមការបញ្ជាក់ពីផេក បុរាណាចារ្យ បានឱ្យដឹងថា នៅក្នុងព្រះរាជពិធីបរមរាជាភិសេកអង្គព្រះមហាក្សត្រថ្មី នៃព្រះរាជាណាចក្រកម្ពុជាយើង ជាទំនៀមតាំងពីបុរាណ ក្នុងក្បួនដង្ហែយាងឡើងព្រះរាជមន្ទីរនៃព្រះមហាក្សត្រ ត្រូវតម្រូវឱ្យមានស្ត្រី បាទបរិចារិកាស្លៀកសំពត់សារបាប់ ពានាស្បៃតាត បីនាងវិឡា (ឆ្មាញីសម្បុរ ៣) ក្នុងក្បួនដង្ហែផងដែរ ជាតំណាងនៃទាសី រក្សាព្រះទីនាំងមហាប្រាសាទទាំងមូល ដែលអង្គព្រះមហាក្សត្រថ្មីទ្រង់គង់ប្រថាប់។
ជាក់ស្ដែង រូបភាពខាងក្រោមនេះ គឺជាពិធីឡើងព្រះរាជមន្ទីរ ក្នុងព្រះរាជពិធីបរមរាជាភិសេក ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សុរាម្រិត ដោយនៅក្នុងក្បួនឡើងព្រះរាជមន្ទីរនេះ មានស្ត្រីម្នាក់ ដែលតម្រូវឱ្យបី វិឡារី (ឆ្មាសម្បុរ ៣ ញី) នេះដង្ហែតាមក្បួនផងដែរ។
គួរឱ្យដឹងផងដែរថា កាលព្រះរាជពិធីបរមរាជាភិសេក ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី កាលពីឆ្នាំ ២០០៤ កន្លងទៅ ក្នុងក្បួនដង្ហែយាងឡើងព្រះទីនាំងទេវាវិនិច្ឆ័យ ក៏មានភ្នាក់ងារបីឆ្មាសម្បុរ ៣ ក្នុងក្បួន តាមទំនៀមដូចគ្នា នឹងរជ្ជកាលមុនៗដែរ៕
ប្រភព និងរូបភាព ៖ បុរាណាចារ្យ