ពុ-ទ្ធោ! ក្មេងស្រីម្នាក់ត្រូវកាត់ជើងចោល ក្រោយឪពុក និង គូស្នេហ៍ វាយដំស្រោចទឹកក្ដៅលើខ្លួន
តាមការចេញផ្សាយរបស់សារព័ត៌មាន SCMP បានឱ្យដឹងថា ក្មេងស្រីអាយុ ៥ ឆ្នាំម្នាក់ មានឈ្មោះក្រៅហៅថា Yanyan បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលពីដើមខែមករានេះ ក្រោយរងរបួសធ្ងន់ធ្ងរពីការរលាក និង របួសច្រើនផ្សេងទៀតលើរាងកាយ នៅពេលជីតារបស់នាង រកឃើញថា នាងត្រូវបានឪពុកបង្កើត រួមទាំងមិត្តស្រីរបស់គេប្រើប្រាស់អំពើហិង្សាលើ។
ក្មេងតូច Yanyan គឺមានភាពរីករាយ និង មានសុខភាពបរិបូរធម្មតា ពេលនាងរស់នៅក្រោមការមើលថែរបស់ជីតានាងក្នុងភូមិមួយនៅតំបន់ Longli នៃខេត្ត Guizhou។ បើតាមពូក្មេងស្រីរងគ្រោះថ្លែងប្រាប់សារព័ត៌មាន The Paper បានឱ្យដឹងថា នាងត្រូវរងការវាយដំ នៅពេលនាងរស់នៅជាមួយឪពុក និង មិត្តស្រីគេនេះឯង។
តាមសម្ដីបុរសជាពូដដែលបាននិយាយថា ៖ «Yanyan រស់នៅជាមួយពួកគេត្រឹមតែ ២ ខែប៉ុណ្ណោះ។ ពេលលោកតាទៅលេងនាងនៅថ្ងៃមួយ គាត់ក៏បានឃើញស្នាមរលាកយ៉ាងធំលើខ្លួននាង។ ក្មួយខ្ញុំក៏បានប្រាប់លោកតាថា មិត្តស្រីឪពុកនាង បានយកទឹកក្ដៅចាក់ស្រោចលើនាង»។
ស្ថានភាពរបស់ Yanyan គឺត្រូវបានប្រកាសថាធ្ងន់ធ្ងរនៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២២ ហើយរូបនាងក៏រកឃើញមានកើតជំងឺផ្សេងទៀតរួមមាន បញ្ហារលាកសួត និងធ្លាយផ្នែកក្រពះពោះវៀនខាងលើផងដែរ ប៉ុន្តែនាងគឺរួចផុតគ្រោះថ្នាក់ ក្រោយឆ្លងកាត់ការវះកាត់ចំនួន ២ លើក។
គួរបញ្ជាក់ដែរថា ឪពុកក្មេងស្រីរងគ្រោះ រួមទាំងមិត្តស្រីរបស់គេ ត្រូវបានប៉ូលិសឃាត់ខ្លួន ក្រោយជីតា Yanyan ដាក់ពាក្យបណ្ដឹង៕