ពុ-ទ្ធោ! កូនអាយុ ៣ ឆ្នាំ ត្រូវឪពុកចុងធ្វើបាប ដំដែកគោល ៩ ដើម ចូលក្បាលឡើងសុស
កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២ កន្លងទៅ អ្នកលេងបណ្ដាញសង្គមជាច្រើននាំគ្នាផ្ទុះកំហឹងគ្រប់គ្នា ក្រោយរឿងរ៉ាវរបស់ក្មេងស្រីវ័យត្រឹម ៣ ឆ្នាំម្នាក់ ត្រូវរងទារុណកម្មធ្វើបាបយ៉ាងឃោរឃៅពីឪពុកចុងរបស់ខ្លួន ដោយយកដែកគោលវាយដំចូលពាសពេញក្បាលគួរឱ្យរន្ធត់បំផុត។
តាមការបញ្ជាក់របស់ប្រធានមន្ទីរពេទ្យមួយកន្លែងនៅទីក្រុងហាណូយបានឱ្យដឹងថា ៖ «កូនតូចរូបនោះ ត្រូវបានបញ្ជូនមកមន្ទីរពេទ្យក្នុងសភាពសន្លប់ស្ដូកស្ដឹង ឡើងស្វាយពេញខ្លួន ដោយគ្មាននរណាចាប់អារម្មណ៍ថា រូបនាងត្រូវបានដែកគោលដំចូលពេញក្បាលនោះឡើយ។ ភ្លាមៗ ពួកយើងបានដាក់បំពង់អុកស៊ីសែន ដើម្បីសង្គ្រោះជីវិតនាង»។
ប្រធានមន្ទីរពេទ្យដដែលបានឱ្យដឹងទៀតថា របួសផ្នែកខាងក្រៅនៃក្បាលរបស់ក្មេងរងគ្រោះគឺមិនមានចេញឈាមនោះឡើយ។ ស្បែករបស់នាងបានជាសះ ដែលជាហេតុធ្វើឱ្យពួកគេមិនបានចាប់អារម្មណ៍ភ្លាមៗលើរបួសនោះឡើយ។ ក្រោយយកក្មេងស្រីទៅស្កេនក្បាល ទើបគ្រូពេទ្យរកឃើញថា លលាដ៍ក្បាលក្មេងរូបនោះ គឺមានរបស់វែងៗជាច្រើន ដែលក្រោយមកទើបដឹងថាជាដែកគោល ដោតចូលពេញនោះ។
ទោះជាយ៉ាងណា ក្រោយការសង្គ្រោះរាប់ម៉ោង ក្មេងស្រីតូចរូបនោះ គឺបានរួចផុតពីគ្រោះថ្នាក់ និង មានស្ថានភាពល្អប្រសើរវិញ បើទោះបីជានាងនៅមិនទាន់ដឹងខ្លួនវិញក៏ដោយ។ បច្ចុប្បន្ន ប៉ូលិសកំពុងធ្វើការឃាត់ខ្លួនម្ដាយក្មេងរងគ្រោះ រួមទាំងបុរសជាឪពុកចុង ដើម្បីធ្វើការសាកសួរស្រាវជ្រាវបន្ថែម៕
ប្រភព៖ Kenh14