ព្រឺខ្លួនខ្ញាកៗ! ទម្លាយអាថ៌កំបាំងរបាំរាជិនីបិសាចរបស់ឥណ្ឌូនេស៊ី កំពុងផ្ទុះល្បីពេញ TikTok
រ៉ាងដា គឺជាតួអង្គរាជិនីបិសាច ដែលមានវត្តមានក្នុងរបាំទេវកថា នៅតំបន់បាលី ប្រទេសឥណ្ឌូនេស៊ី ។ ពាក្យ រ៉ាងដា គឺជាភាសារបស់ពួកជ្វា ដែលបកជាភាសាខ្មែរប្រែថា «ស្រីមេម៉ាយ»។ យោងតាមកំណត់ត្រាសាវតានៃអរិយធម៌ប្រជាជាតិឥណ្ឌូនេស៊ី រាជិនីបិសាច រ៉ាងដា នេះជាបុត្រីស្តេចជ្វា តែនៅស.វទី១០ ក្សត្រីអង្គនេះបានអភិសេកនឹងស្តេចបាលី រងនូវគំនាបពីរាជវង្សរបស់ស្វាមី រហូតបែកគំនិតទៅរៀនមន្តវិជ្ជាការងងឹត នាងក៏ប្រែក្លាយជាតួអង្គកាចសាហាវ មានគំនិត សងសឹកព្រះស្វាមី ដោយចង់ចេះមន្តគាថាកាន់តែខ្លាំងពូកែ មហារាជិនីក៏វិវត្តកាយស៊ីកូនក្មេងជាអាហារ តែងថ្លែងបង្គាប់ពលបរិវារ ចរយាត្រាចាប់កុមារីកុមារា យកមកវះពោះឆីជាអាហារមិនលស់វេលា រហូតរាស្ត្រប្រជានាំគ្នាយំសោកបន់ទទូចទេវតាឲ្យបើកភ្នែកជួយសង្គ្រោះជីវិតមនុស្សលោកផង។
នៅក្នុងឯកសារនៃទេវកថាបាលីបុរាណ បានលើកឡើងថា កាលវេលានោះ ក៏មានវត្តមាន អាទិទេពរក្សាដួងព្រលឹងមួយព្រះអង្គ ព្រះនាមបារ៉ុង ក្រោយឮពាក្យទទូចពីមនុស្សលោកអង្វរកពេក យមរាជរូបនេះបានងើបឡើងពីក្រោមធរណី ប្រែក្រឡាជាសត្វ បារ៉ុង មានរាងដូចសត្វតោ និង ខ្លាឃ្មុំ (ទម្រង់ម៉ុងសាយ) បានលើកទ័ព ទៅច្បាំងជាមួយនាងរាជិនីរ៉ាងដាដ៏មហាតៃហោងនេះ។ របាំសង្គ្រាមរ៉ាងដា និង បារ៉ុងនេះគឺល្បីខ្លាំងណាស់។
បើយើងក្រឡេកមើលរបាំរាជបារ៉ុងដ៏ល្បីល្បាញប្រចាំប្រទេសឥណ្ឌូនេស៊ី យើងនឹងឃើញវត្តមានអវតា ២ ពួក កំពុងប្រយុទ្ធគ្នាលើឆាករបាំ ស្រដៀងនឹង ល្ខោនខោលរាមកេរ្តិ៍របស់ខ្មែរដែរ គឺរាជិនីរ៉ាងដា តំណាងសភាវៈអាក្រក់ និង អាទិទេពបារ៉ុងតំណាងសភាវៈល្អ។ បើយើងក្រឡេកមើលភាពល្បីរន្ទឺនៃកិត្តិនាមរបាំដែលបណ្តាប្រជាជនទូទាំងពិភពលោកតែងផ្តោតការចាប់អារម្មណ៍ និង ស្គាល់ច្រើន ជាពិសេសបណ្តាញសង្គម TikTok នាពេលបច្ចុប្បន្ន ភាគច្រើនគេនិយាយថាស្គាល់តួចិត្តអាក្រក់នៃរបាំគឺ រាជិនីរ៉ាងដា ជាងរបាំអាទិទេពបារ៉ុងជាតួចិត្តល្អ ដោយសារទម្រង់នៃកាយវិការក្បាច់រាំ ការលេងទឹកមុខ និង បុគ្គលិកលក្ខណៈគ្រប់ទម្រង់សិល្បការិនី (ក៏មានអ្នករាំជាបុរសផងដែរ) ដែលរាំបញ្ចេញអាកប្បកិរិយា បើកភ្នែកធំៗ គួរជាទីចាប់អារម្មណ៍ និង ចង់ទស្សនាក្រៃលែង។ ជាពិសេសមហាជនខ្លះមានមតិថា មើលរបាំរាជិនីរ៉ាងដានេះយូរ ទទួលអារម្មណ៍ព្រឺសម្បុរ និង គួរឲ្យខ្លាច។
យ៉ាងណាមិញ របាំបារ៉ុង និង វ៉ាងដា នេះ ត្រូវបានវិវត្តជា ៥ ទម្រង់ធំៗ និង និយមលេងស្វាគមន៍ភ្ញៀវកិត្តិយស នៅតំបន់បាលី ប្រទេសឥណ្ឌូនេស៊ី ហើយត្រូវបានរាជរដ្ឋាភិបាលឥណ្ឌូនេស៊ី ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក និង មនុស្សជាតិ នៅអង្គការអន្តរជាតិយូនីស្កូ (UNESCO) នៅឆ្នាំ ២០១៥ ផងដែរ។ បើប្រិយមិត្ត បានធ្វើដំណើរទៅទស្សនកិច្ចកម្សាន្ដនៅប្រទេសឥណ្ឌូនេស៊ី សូមកុំរំលង «របាំបារ៉ុង និង វ៉ាងដា» ណ៎ា៕