ក្នុងវិស័យសិល្បៈថៃ អាជីព ៤ នេះ អាចរកលុយដល់ទៅខ្ទង់ម៉ឺនដុល្លារ ក្នុងមួយខែ
នៅក្នុងវិស័យសិល្បៈថៃគឺមានអាជីព និងផ្នែកជាច្រើនដែលត្រូវរួមបញ្ចូលគ្នា ដើម្បីអាចដំណើរការផលិតកម្មវិធី រឿងភាគ ឬខ្សែភាពយន្តមួយបាន ដោយទាំងនេះគឺរាប់បញ្ចូលតាំងពីបុគ្គលិកតូចតាចរហូតដល់អ្នកមានដំណែងធំ។ អ្នកបម្រើការនៅក្នុងវិស័យសិល្បៈគឺសុទ្ធតែមានតួនាទី និងសារៈសំខាន់ៗរៀងខ្លួន មិនថាជាតារាសម្តែងលើឆាក ឬ អ្នកនៅពីក្រោយឆាកនោះឡើយ។ ជាក់ស្តែងមានអាជីព ៤ ធំៗ ដែលក្នុងវិស័យសិល្បៈថៃ អាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារក្នុងមួយខែ ឬ ក្នុងពេលធ្វើការមួយ Project ដូចជា៖
១. អ្នកដឹកនាំភាពយន្ត និង រឿងភាគ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Pantip ប្រទេសថៃបានចែករំលែកឱ្យដឹងថា អ្នកដឹកនាំភាពយន្តអាចរកចំណូលបានក្នុងមួយខែ ចន្លោះពី ៣០០ ០០០ បាត – ៥០០ ០០០ បាត (ប្រមាណ ៩ ០០០ ដុល្លារ ដល់ ១៥ ០០០ ពាន់ដុល្លារ) អាស្រ័យតាមបទពិសោធន៍ និង កេរ្តិ៍ឈ្មោះ។ អ្នកដឹកនាំភាពយន្តមួយចំនួន អាចរកកម្រៃជា Project ភាពយន្ត ដោយក្នុងមួយភាពយន្តអាចបានចំណូលពី ៥០ ម៉ឺន ដល់ ១ លានបាត (ប្រមាណ ១៥ ០០០ ដុល្លារ ដល់ ៣០ ០០០ ដុល្លារ)។
ចំណែកឯអ្នកដឹកនាំរឿងភាគទូរទស្សន៍ ឬ ប្រភេទ Series ត្រូវបានគេរកឃើញថាចំណូលអាចទាបជាងអ្នកដឹកនាំភាពយន្តបន្តិច ដោយភាគច្រើនអាចគិតជាការដឹកនាំភាគ ដោយក្នុងមួយភាគអាចរកបានពី ៣ ម៉ឺន ទៅ ១០ ម៉ឺនបាត (ប្រមាណ ៩០០ ទៅ ៣០០០ ដុល្លារ) ហើយពុំសូវមានអ្នកធ្វើការគិតជារឿងនោះទេ ព្រោះមានរឿងភាគខ្លះ អាចផ្លាស់ប្តូរអ្នកដឹកនាំផងដែរ។
២. អ្នកផលិតស្ពតពាណិជ្ជកម្ម
អ្នកផលិតស្ពតពាណិជ្ជកម្មក្នុងឧស្សាហកម្មសិល្បៈថៃ អាចរកចំណូលក្នុងមួយគម្រោង ឬ មួយស្ពត បានជាមធ្យមចន្លោះ ១០ ម៉ឺនបាត – ៥០ ម៉ឺនបាត (ប្រមាណ ៣ ០០០ ដុល្លារ – ១៥ ០០០ ដុល្លារ) ដោយតម្លៃនេះគឺអាស្រ័យតាមប្រភេទគម្រោង និងផលិតផលពាណិជ្ជកម្ម បើសិន Project កាន់តែធំតម្លៃក៏អាចកាន់តែមានការកើនឡើង។
៣. Producer កម្មវិធីទូរទស្សន៍
អ្នកផលិតកម្មវិធីទូរទស្សន៍ ដែលយើងភាគច្រើនហៅថា Producer អាចរកចំណូលក្នុងមួយគម្រោងបានពី ៣០ ម៉ឺនបាត ទៅ ៧០ ម៉ឺនបាត (៩០០០ ដុល្លារ ដល់ ២ ម៉ឺន ១ ពាន់ដុល្លារ)។
៤. អ្នកសរសេរអត្ថបទភាពយន្ត រឿងភាគ និង Series
អ្នកសរសេរអត្ថបទភាពយន្តក្នុងសិល្បៈថៃ អាចរកចំណូលបានជាមធ្យមពី ១០ ម៉ឺនទៅ ៥០ ម៉ឺនបាតក្នុងមួយរឿង (ប្រមាណ ៣ ពាន់ដុល្លារ – ១ ម៉ឺន ៥ ពាន់ដុល្លារ) ក្នុងមួយរឿង។
ចំណែកឯអ្នកសរសេរអត្ថបទរឿងភាគ អាចរកចំណូលបានពីចន្លោះ ៣ ម៉ឺន ទៅ ១០ ម៉ឺនបាត (ប្រមាណ ៩០០ ទៅ ៣០០០ ដុល្លារ) ក្នុងមួយភាគនៃរឿង។
ដោយឡែកអ្នកសរសេរអត្ថបទរឿងបែប Series ខ្លីចំណូលគឺហាក់រាងទាបជាងគេបន្តិច ដោយអាចបាន ចន្លោះពី ១ ម៉ឺន ទៅ ៥ ម៉ឺនបាត (ប្រមាណ ៣០០ ដល់ ១៥០០ ដុល្លារ) ប៉ុណ្ណោះក្នុងមួយភាគ៕
ប្រភព៖ Pantip & Learningforfuture