មកស្គាល់បុគ្គលល្បី ៣ រូប ជាកូនអ្នកខេត្តព្រៃវែង តស៊ូបានជោគជ័យ ក្លាយជាអ្នកជំនួញកាន់លុយខ្ទង់លានដុល្លារ
មនុស្សម្នាក់ៗទម្រាំតែទទួលបានជោគជ័យមានផ្លែផ្កាយ៉ាងត្រចះត្រចង់នៅក្នុងជីវិត សុទ្ធតែបានហែលឆ្លងកាត់ការលំបាក ជួបឧបសគ្គរារាំងស្ទើររាប់មិនអស់។ យ៉ាងណាមិញ បើយើងក្រឡេកមកមើលកូនខ្មែរ ៣ រូប ដែលមានឈាមជ័រជាអ្នកខេត្តព្រៃវែង បានខិតខំកសាងស្នាដៃរហូតទទួលបានភាពល្បីល្បាញ និង មានមុខជំនួញនៅក្នុងដៃក្នុងតម្លៃលានដុល្លារ។
១. អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា
អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ជាអគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប និង ជាម្ចាស់ផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត់ត្រា។ សេដ្ឋីវ័យក្មេងដែលជោគជ័យលើវិស័យជំនួញអចលនទ្រព្យមួយរូបនេះ មុនទទួលបានជោគជ័យលោកធ្លាប់ធ្វើជាអ្នកលក់ហ្គាស់ លក់ស្រា លក់បុកល្ហុង និង ធ្វើជាពលករនៅប្រទេសកូរ៉េផងដែរ។ បន្ទាប់ពីត្រឡប់មកពីប្រទេសកូរ៉េវិញ លោកចាប់ផ្តើមប្រឡូកក្នុងមុខជំនួញអចលនទ្រព្យ រហូតទទួលបានជោគជ័យក្លាយជាសេដ្ឋីវ័យក្មេង មានងារជាអ្នកឧកញ៉ា និង ទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំ។
២. ឧកញ៉ា ផន វណ្ណិត
ឧកញ៉ា ផន វណ្ណិត គឺជាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ រាជសន្តុសិត និង ជាអនុប្រធានសមាគមអ្នកអភិវឌ្ឍដីឡូត៍កម្ពុជា។ ចាប់កំណើតនៅក្នុងគ្រួសារក្រីក្រមួយនៅភូមិក្រូច ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង លោកបានខិតខំយកចិត្តទុកដាក់ក្នុងការសិក្សារហូតមានចំណេះដឹងខ្ពង់ខ្ពស់ ធ្លាប់ទៅសិក្សានៅក្រៅប្រទេស និង ធ្វើជាគ្រូបង្រៀននៅសាលាឯកជនមួយចំនួនក្នុងក្រុងភ្នំពេញ។ ដោយមានចំណាប់អារម្មណ៍លើវិស័យអចលនទ្រព្យ និង វិស័យកសិកម្ម នៅឆ្នាំ ២០១១ លោកចាប់ផ្តើមប្រឡូកក្នុងវិស័យអចលនទ្រព្យ រហូតទទួលបានជោគជ័យមានងារជាឧកញ៉ា និង បានចូលរួមការងារសង្គមជួយដល់ជនក្រីក្រជាច្រើន។
៣. លោក ឃីម សុខហេង
លោក ឃីម សុខហេង គឺជាស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ។ បន្ទាប់ពីបញ្ចប់ការសិក្សានៅឆ្នាំ ២០០០ លោកបានមកបន្តការសិក្សានៅរាជធានីភ្នំពេញ ដោយសិក្សាថ្នាក់បរិញ្ញាបត្រជំនាញទំនាក់ទំនងអន្តរជាតិ និង បានសិក្សាជាមួយអ្នកជំនាញល្បីល្បាញជាច្រើននាក់ជាបន្តបន្ទាប់ នេះបើតាមប្រភពពីកិច្ចសម្ភានជាមួយវិទ្យុ rfi កាលពីខែកក្កដា ឆ្នាំ ២០១៩ កន្លងទៅ។ លោក ឃីម សុខហេង ជាគ្រូបណ្ដុះបណ្ដាលដ៏ល្បីល្បាញម្នាក់នៅកម្ពុជា ដែលត្រូវបានមហាជនទទួលស្គាល់ ហើយចាប់ពីឆ្នាំ ២០០៥ មក លោកបានបណ្តុះបណ្តាលសិក្ខាកាមប្រមាណជាជិត ១០ ម៉ឺននាក់ ដោយបានរួមសហការជាមួយអង្គភាពឯកជន អង្គការក្រៅរដ្ឋាភិបាល ជាតិ អន្តរជាតិ និង ស្ថាប័ននានា៕