រឿងរ៉ាវដ៏រំភើបលាយឡំទឹកភ្នែកមួយ ត្រូវមហាជនចែកចាយពាសពេញបណ្តាញសង្គម ដោយមានបុរសម្នាក់បានត្រឡប់មករកឃើញឆ្កែសំណព្វចិត្តរបស់ខ្លួនវិញ ក្រោយបានបាត់វាអស់រយៈពេលជាង ១០ ឆ្នាំ ។
ឆ្កែសំណាងល្អខាងលើមានឈ្មោះថា SamSon វាត្រូវបានវង្វេងបាត់តាំងពី ១០ ឆ្នាំមុនមកម្ល៉េះ ហើយពេលនោះម្ចាស់វាបានខិតខំស្វែងរកឆ្កែជាទីស្រឡាញ់មួយក្បាលនេះ គ្រប់ទីកន្លែង ប្រើសឹងគ្រប់មធ្យោបាយ តែគ្មានបានដំរួយ ឬ ដំណឹងអ្វីសោះពីវា ទើបបុរសជាម្ចាស់សម្រេចចិត្តបញ្ឈប់ការព្យាយាមរបស់ខ្លួនតែម្តង ។
ដោយឡែក ខណៈពេលមួយខែមុននេះ ស្រាប់តែមានកន្លែងសង្គ្រោះសត្វមួយកន្លែង បានរកឃើញ SamSon ជាមួយនឹងឆ្កែអនាថា ៦ ក្បាលទៀត ហើយគេក៏បាននាំវាយកមកមណ្ឌលសង្គ្រោះ ។
ខាងមណ្ឌលបានឱ្យដឹងថា វាគ្មានកម្លាំងនោះទេ ខ្លួនវាគគ្រិចសុទ្ធតែចៃ ព្រមទាំងធំក្លិនមិនល្អឡើយ ហើយពួកគេក៏បានយកវាមករក្សាព្យាបាល តែមុននឹងព្យាបាលគេក៏បានធ្វើការស្កែន ហើយស្រាប់តែឃើញឧបករណ៍តាមដានតូចមួយនៅក្នុងខ្លួនវា ដែលបង្ហាញឈ្មោះម្ចាស់វាផងដែរ ហើយក៏បានទំនាក់ទំនងទៅគាត់តែម្តង ។
យ៉ាងណាមិញ បុរសជាម្ចាស់ក៏បានប្រញាប់ប្រញាល់មកជួបឆ្កែជាទីស្រឡាញ់របស់ដោយក្តីនឹករឭក ព្រមទាំងទឹកភ្នែករំភើបរំលីងរលោង ព្រោះមិននឹកស្មានឡើយថាបានជួបវាវិញដូច្នេះ ហើយវាថែមទាំងនៅចាំលោកបានថែមទៀតផង ។
ចំណែក មហាជនជាច្រើនក៏បានបញ្ចេញសេចក្តីត្រកអរមិនចាញ់ម្ចាស់ឡើយ ថែមទាំងបានជូនពរឱ្យម្ចាស់ និង សត្វទាំងពីររស់នៅជាមួយគ្នាឱ្យបានយូរថែមទៀតផង ៕