មួយថ្ងៃផ្ទុះឆ្លងកូវីដ-១៩ រាប់ពាន់នាក់តែ ថៃ បែរបើកឱ្យភ្ញៀវទេសចរចូលកម្សាន្តកោះភូកេតឡើងវិញ ព្រោះតែរឿងនេះ
ប្រទេសថៃបើកការអនុញ្ញាតសាកល្បងឡើងវិញចំពោះភ្ញៀវទេសចរណ៍បរទេសរាប់រយនាក់ ដែលបានទទួលថ្នាំបង្ការជំងឺកូវីដ-១៩ ឱ្យមកលេងកម្សាន្តនៅកោះភូកេត ដើម្បីស្តារឧស្សាហកម្មទេសចរណ៍ ដែលត្រូវបានរាំងស្ទះដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។
ក្រោមផែនការ «កោះខ្សាច់ភូកេត» ចំពោះអ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ មកដល់កោះនឹងមិនតម្រូវឱ្យចំណាយពេលធ្វើចត្តាឡីស័កទៀតនោះទេ ពោលគឺពួកគេអាចធ្វើដំណើរនៅជុំវិញកោះដោយសេរី។ ក្រោយចូលមកប្រទេសដោយធ្វើចត្តាឡីស័ក១៤ថ្ងៃនឹងធ្វើតេស្តអវិជ្ជមាន ៣លើករួច ពួកគេអាចធ្វើដំណើរទៅកន្លែងផ្សេងទៀតនៅក្នុងប្រទេសបាន។
យោងតាមសម្ដីរបស់រដ្ឋាភិបាលថៃបាននិយាយថា មនុស្សជិត ៤០០ នាក់ដំបូងបានមកដល់កោះភូកេត ដោយជើងហោះហើរពីប្រទេស Israel, Abu Dhabi, Qatar នឹងប្រទេស Singapore។ ដោយសង្ឃឹមថានឹងស្តារឧស្សាហកម្មទេសចរណ៍ពេលបើកដំណើរឡើងវិញ ដើម្បីជួយទប់ទល់សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។
គួររម្លឹកផងដែរថាកាលពីឆ្នាំមុន ប្រទេសថៃបានខាតបង់ចំណូលពីវិស័យទេសចរណ៍ប្រមាណ ៥០ ពាន់លានដុល្លារ ដោយសារតែ ភ្ញៀវទេសចរបរទេសបានធ្លាក់ចុះ ៨៣% បើធៀបនឹងការមកលេងទស្សនាក្នុងឆ្នាំ ២០១៩។ ហើយកោះភូកេតរងការប៉ះពាល់ខ្លាំងដោយបាត់បង់ការងារ និងការបិទអាជីវកម្ម។
គួររម្លឹកផងដែរថា តួលេខការស្លាប់ចុងក្រោយក្នុងប្រទេសនេះ មានចំនួនសរុប ២.០៨០នាក់ ចាប់តាំងពីមានការរាតត្បាតចាប់ផ្តើមឡើង នឹងករណីឆ្លងថ្មីមានចំនួន ៥.៥៣៣ ករណី៕
ប្រភព៖ reuters