ចង់បង្កើនទំនុកចិត្តលើខ្លួនឯង គួរធ្វើរឿង ៥ យ៉ាងនេះ កុំឱ្យស្តាយទៅថ្ងៃក្រោយ
មានមនុស្សជាច្រើនដែលតែងតែព្រួយបារម្ភមិនទុកចិត្តទៅលើខ្លួនឯងបន្ទាប់ពីបានធ្វើអ្វីមួយចប់ ទាំងដែលពិបាករកចំណុចាប់ផ្តើម និង រកកន្លែងចប់មិនឃើញ មិនដឹងខ្លួនឯងកំពុងតែធ្វើអ្វីមួយឱ្យប្រាកដគ្មានកោះគ្មានត្រើយ គឺដោយសារតែខ្វះភាពជឿជាក់លើខ្លួនឯង និង គ្មានទំនុកចិត្តលើខ្លួនឯង ។ បញ្ហាអស់ទាំងនេះលែងមានចោទជាសញ្ញាសួរនៅក្នុងខួរក្បាលតទៅទៀតហើយ ប្រសិនបើអ្នកចាប់ផ្តើមធ្វើរឿងទាំង ៥ យ៉ាងខាងក្រោមនេះ ៖
១. ស្វែងយល់ពីខ្លួនឯង
ជាការពិតណាស់ មនុស្សម្នាក់ៗមានចំណង់ចំណូលចិត្ត និង ការគិតមិនដូចគ្នានោះទេ ។ ត្រូវដឹងពីខ្លួនឯងថាជាមនុស្សបែបណា ចូលចិត្តអ្វី ចង់ធ្វើអ្វីឱ្យប្រាកដ ហើយត្រូវតែស្វែងយល់ពីចិត្តរបស់ខ្លួនឯងឱ្យបានច្រើនជាងគេ ដើរតាមបេះដូងដោយមិនគួរខ្វាយខ្វល់ជាមួយរឿងរ៉ាវផ្សេងៗ ។ បន្ទាប់ពីស្វែងយល់ពីចិត្តរបស់ខ្លួនឯងហើយអ្នកនឹងដឹងថា អ្នកជានរណា អ្នកជាអ្វីនៅថ្ងៃខាងមុខ?
២. កំណត់គោលដៅ
អ្នកមិនអាចទៅមុខបានទេ ប្រសិនបើគ្មានគោលដៅសម្រាប់ជីវិតឱ្យបានច្បាស់លាស់ ។ ដំណើរជីវិតអាចដើរទៅមុខបានយ៉ាងល្អ លុះត្រាតែអ្នកកំណត់គោលដៅមួយឱ្យបានច្បាស់លាស់ឱ្យខ្លួនឯងថា នៅថ្ងៃខាងមុខអ្នកចង់ក្លាយទៅជាអ្វីមួយ បន្ទាប់ពីកំណត់គោលដៅរួចហើយត្រូវចាប់ផ្តើមអនុវត្តន៍វាឱ្យបានត្រឹមត្រូវទៅតាមអ្វីដែលអ្នកដាក់ ។
៣. ត្រូវមានលក្ខណៈផ្ទាល់ខ្លួន
ជាចាំបាច់ត្រូវមានលក្ខណៈពិសេសផ្ទាល់ខ្លួនណាមួយ ដែលវាជាអ្នកឆ្លុះបង្ហាញអំពីភាពទាក់ទាញរបស់អ្នក ដើម្បីឱ្យមនុស្សដែលនៅជុំវិញខ្លួនងាយនឹងស្គាល់អ្នក ឬ ជាជំនាញពិសេសដូចជា ចូលចិត្តអានសៀវភៅ ពូកែគូររូប សម្តែង ដោយបង្ហាញចេញតាមរយៈសកម្មភាព កាយវិការ ការនិយាយស្តី ធ្វើឱ្យខ្លួនឯងក្លាយជាទីចាប់អារម្មណ៍នៃមនុស្សដែលនៅជុំវិញខ្លួន ។
៤. គាំទ្រខ្លួនឯង
ត្រូវចេះគាំទ្រខ្លួនឯងលើកទឹកចិត្តឱ្យខ្លួនឯងបន្ទាប់ពីធ្វើកិច្ចការមួយចប់ បើទោះជាលទ្ធផលទទួលបានជៅគជ័យ ឬ បរាជ័យក៏ដោយ អ្វីដែលសំខាន់នោះគឺខ្លួនឯងពិតជាបានខិតខំប្រឹងប្រែងធ្វើវារួចរាល់ហើយ ហើយក៏មិនគួរស្តីបន្ទោសបង្អាប់ខ្លួនឯងដែរនៅពេលបរាជ័យ តែត្រូវព្យាយាមធ្វើវាឱ្យអស់ពីលទ្ធភាពដែលអាចធ្វើទៅបាន ហើយរីករាយសប្បាយជាមួយនឹងលទ្ធផលមិនត្រូវបាក់ទឹកចិត្តនោះទេ ។
៥. កុំប្រៀបធៀប
កំហុសនៃការប្រៀបធៀបនោះគឺ ការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ ព្រោះថាខ្លួនឯង និង អ្នកដទៃមិនដូចគ្នានោះទេ វានឹងនាំមកនូវតែក្តីទុក្ខទៅវិញទេ ។ បើយកអ្វីដែលខ្លួនឯងគ្មានទៅធ្វើការប្រៀបធៀបទៅនឹងអ្វីដែលអ្នកដទៃមាន នោះអ្នកនឹងឈឺចាប់ ប៉ុន្តែបើអ្នកយកអ្វីដែលខ្លួនឯងមានទៅធ្វើការប្រៀបធៀបទៅនឹងអ្វីដែលអ្នកដទៃគ្មាននោះអ្នកនឹងសប្បាយចិត្ត ។ ចូរកុំធ្វើការប្រៀបធៀបផ្តេសផ្តាស់ ព្រោះវានឹងនាំអ្នកឱ្យបាត់បង់ទំនុកចិត្តលើខ្លួនឯង ហើយនាំមកតែសេចក្តីខកចិត្តខកបំណង ៕