ក្រមព្រហ្មទណ្ឌចែងច្បាស់ៗ ជនប្រព្រឹត្តអំពើ «ហិង្សា» ត្រូវជាប់ពន្ធនាគារ និង ពិន័យជាប្រាក់បែបនេះ
តើអំពើហិង្សាដោយចេតនាមានន័យយ៉ាងដូចម្តេច? ហើយអ្នកដែលប្រពឹ្រត្តនឹងត្រូវទទួលទោសទណ្ឌកម្រិតណា? ជាការពិត ហិង្សាដោយចេតនា គឺជាអំពើបៀតបៀនលើរូបរាងកាយរបស់ជនរងគ្រោះដោយចេតនាតាមគ្រប់មធ្យោបាយទុច្ចរិត ដែលបង្កឱ្យមានជារបួសស្នាម ឬគ្មានរបួស ឬខូចទ្រង់ទ្រាយសភាពដើម ។
យោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០០៩ បានចែងចំពោះជនដែលបានប្រព្រឹត្តបទហិង្សាដោយចេតនា ត្រូវបានកំណត់ និងបែងចែកខុសៗគ្នាតាមរូបភាពនៃអំពើ និងទំហំព្យសនកម្ម (ការខូចខាត) ដូចខាងក្រោម ៖
មាត្រា ២១៧. – បទ ហិង្សាដោយចេតនា
អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ (ពីរលាន) រៀល ទៅ ៦ ០០០ ០០០ (ប្រាំមួយលាន) រៀល ។
មាត្រា ២១៨.- ស្ថានទម្ងន់ទោស
អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល កាលបើអំពើហិង្សានេះបានប្រព្រឹត្ត
១-ដោយមានការគិតទុកជាមុន ។
២-ដោយប្រើអាវុធ ឬគំរាមកំហែងនឹងអាវុធ ។
៣-ដោយមានមនុស្សច្រើននាក់ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងជាអ្នកសមគំនិត ។
មាត្រា ២១៩. – ស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ
អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ (ប្រាំ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន ) រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល កាលបើអំពើហិង្សានេះត្រូវបានប្រព្រឹត្តទៅលើ :
១-បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុអាយុនៃបុគ្គលនោះ ។
២-នារីមានគភ៌ កាលបើគភ៌ត្រូវបានគេឃើញជាក់ស្តែង ឬកាលបើជនល្មើសបានដឹង ។
៣- បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុនៃជំងឺ ឬពិការភាព កាលបើស្ថានភាពបុគ្គលនេះត្រូវបានគេឃើញជាក់ស្តែង ឬកាលបើជនល្មើសបានដឹង ។
មាត្រា ២២០. – ស្ថានទម្ងន់ទោសដោយសារ គោលដៅ
អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល កាលបើអំពើនេះ ត្រូវបានប្រព្រឹត្តទៅលើ :
១-ជនរងគ្រោះ ឬដើមបណ្តឹងរដ្ឋប្បវេណី ដើម្បីរារាំងជននេះកុំឱ្យប្ដឹងបវិហារ ពីបទល្មើស ឬសុំឱ្យធ្វើការជួសជុលព្យសនកម្ម ។ ២-សាក្សី ដើម្បីរារាំងកុំឱ្យឆ្លើយផ្តល់ភស្តុតាងនៅពេលស៊ើបអង្កេតស៊ើបសួរសវនាការ ឬនៅក្នុងដីកានៃបណ្ដឹងផ្សេងទៀត ។
៣ – ជនរងគ្រោះ ឬដើមបណ្ដឹងរដ្ឋប្បវេណី ជននេះ បានបវិហារ បទល្មើស ឬសុំឱ្យ ជួសជុលព្យសនកម្ម ។
៤-សាក្សី ដោយមូលហេតុសាក្សីនេះ បានផ្តល់ភស្ដុតាងនៅពេលស៊ើបអង្កេត ស៊ើបសួរ សវនាការ ឬនៅក្នុងនីតិវិធីនៃបណ្ដឹងផ្សេងទៀត ។
មាត្រា ២២១. – ស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនល្មើស
អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល កាលបើអំពើហិង្សានេះ ត្រូវបានប្រព្រឹត្តដោយ អ្នករាជការសាធារណៈ នៅក្នុងក្របខ័ណ្ឌ មុខងារ ឬនៅក្នុងពេលបំពេញមុខងារ របស់ខ្លួន ។
មាត្រា ២២២ – អំពើហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬអនីតិសង្វាសជន
អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀល ទៅ ១០ ០០០ ០០០ (ដប់លាន ) រៀល កាលបើអំពើហិង្សានេះ ត្រូវបានប្រព្រឹត្តដោយ សហព័ទ្ធ ឬដោយអនីតិសង្វាសជនរបស់ជនរងគ្រោះ ៕