ឆ្នាំ ២០២០ បានផ្ដល់មេរៀនជីវិតល្អៗទាំង ៨ ដែលមានតម្លៃបំផុតសម្រាប់មនុស្សម្នាក់ៗ
ឆ្នាំ ២០២០ អាចចាត់ទុកជាឆ្នាំមានគ្រោះច្រើនជាងលាភ មនុស្សជុំវិញពិភពលោកត្រូវរងគ្រោះសព្វសារពើរសឹងតែពេញមួយឆ្នាំរកក្ដីសុខមិនបាន ។ នេះប្រៀបដូចជាការហាត់ពត់លត់ដំមនុស្សជាច្រើន ឱ្យចេះស្វែងយល់ពីតម្លៃនៃជីវិតរបស់ខ្លួនកាន់តែច្រើន ឱ្យចេះមើលកាន់តែឆ្ងាយ និងបានផ្ដល់នូវមេរៀនល្អៗ មានតម្លៃបំផុត ។ ២០២០ បានបង្រៀនមនុស្សយើងម្នាក់ៗបានក្រៀបនូវមេរៀនជីវិតល្អៗជាច្រើនដូចជា៖
១.ទោះមានប្រាក់វាលលានដុល្លារក៏មិនអាចទិញពេលវេលាបាន ទោះមានមាសប្រាក់អាចក្រាលគេងបានអ្នកមិនអាចទិញពេលវេលាបកទៅឆ្នាំមុនវិញ ហើយក៏មិនអាចផ្លោះទៅឆ្នាំក្រោយបាន ។ កុំគិតតែរឿងលុយៗពេក ត្រូវចេះរកក្ដីសុខឱ្យខ្លួនឯង ចង់ទៅកន្លែងណាក៏ទៅចុះ ចង់ទិញអីក៏ទិញចុះ ចង់ធ្វើអីធ្វើទៅ ព្រោះពេលវេលាមិនអាចឈរនៅមួយកន្លែងឱ្យយើងទៅធ្វើរឿងទាំងនោះបានទេ ។
ទិដ្ឋភាពវាលកប់សព្វនៅប្រទេសឥណ្ឌូណេស៊ី
២.គ្មានអ្វីដែលមានក្ដីសុខស្មើនឹងបានជួបជុំមនុស្សជាទីស្រឡាញ់របស់យើង មិនថាកន្លងមកយើងធ្លាប់មានក្ដីសុខជាមួយអ្នកណាមិនសំខាន់ វាគ្រាន់តែជាអារម្មណ៍សប្បាយមួយពេល ប៉ុន្តែអ្នកនឹងឃលញថាក្ដីសុខពិតប្រាកដដែលមិនចេះសាបសន្យ គឺជាពេលវេលានៅជាមួយឪពុកម្ដាយ បងប្អូននេះហើយ
៣.សុខភាពធំជាងអ្វីៗទាំងអស់ ទោះមានលុយកាក់ ទ្រព្យសម្បត្តិច្រើនប៉ុណ្ណាក៏គ្មានតម្លៃ អ្នកមិនអាចយកវាតាមខ្លួនបានទេ ពេលអ្នកស្លាប់ទៅ ដូច្នេះពេលនៅមានកម្លាំង ពេលមានសុខភាពល្អត្រូវចេះថែរក្សា ចេះហាត់ប្រាណ ចេះតមអាហារ
៤.របស់ទ្រព្យ សម្ភារនិយម គ្រាន់តែជារបស់ក្រៅកាយ គ្រាន់តែជារបស់លម្អខ្លួន នៅទីបំផុតអ្នកគ្រាន់តែចង់បានជីវិតមួយដែលគ្រាន់តែមានអាហារហូបគ្រប់គ្រាន់ មានទីលំនៅសមរម្យ មានពេលវេលានៅជុំគ្រួសារ និងមានសុខភាពដ៏ល្អមួយ
ទិដ្ឋភាពមនុស្សបាញលុយចោលលែងមានអ្នករើស
៥.នៅទីបំផុតអ្នកដឹងថា គ្មានអ្នកណាស្រឡាញ់យើងជាងខ្លួនយើងនោះទេ កុំរង់ចាំការព្រួយបារម្ភពីនរនា កុំរង់ចាំអ្នកណាដាស់តឿន គឺមានតែយើងនេះហើយ ជាអ្នកដែលអាចថែរក្សាជីវិតមូយនេះបានយ៉ាងល្អ
៦. បង្រៀនឱ្យយើងចេះប្រើពាក្យកុំរង់ចាំស្អែក មានពាក្យចង់សារភាពកំហុសត្រូវហ៊ាននិយាយ មានពាក្យអរគុណត្រូវហ៊ានបង្ហាញ ស្រឡាញ់អ្នកណាប្រាប់គេទៅទោះគេមិនស្រឡាញ់ហោចណាស់យើងមិនបាននិយាយវាចេញរួចហើយ
៧.គ្មានហេតុអីដែលយើងត្រូវយកជីវិតយើងទៅប្រៀបប្រដូចនឹងអ្នកណា ព្រោះយើងបានឃើញច្បាស់នឹងភ្នែកថា អ្នកដែលយើងធ្លាប់ឃើញគេហ៊ឺហារ សប្បាយរីករាយ មានទ្រព្យសម្បត្តិឡាន វីឡា ប៉ុណ្ណាក៏ដោយ ចុងក្រោយនៅតែមិនអាចគេចផុតពីជំងឺរាលដាលដ៏កាចសាហាវ គ្មានអ្នកណាដែលមានជីវិតអមតៈ គ្មានអ្នកណាដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភហើយ អាចមានវេទមន្តបញ្ចៀសខ្លួនឯងពីបញ្ហាបានទេ ។
ភាពសោកស្រណោះភ្លើងឆេះព្រៃនៅអូស្ត្រាលីកាលពីខែ មេសា ២០២០
៨.បង្រៀនឱ្យយើងឈប់តាំងចិត្តស្អប់គ្នា ឈប់ចងកម្មពារជាមួយគ្នា ព្រោះមនុស្សយើងម្នាក់ៗ កើតមកគ្រាន់តែចង់មានជីវិតមួយ រស់នៅពឹងកម្លាំងញើសឈាមរៀងៗខ្លួន ពេលដែលមានអាសន្នមកដល់ សួរថាអ្នកណាអាចគេចផុតបាននោះ ទោះឈ្នានីសគ្នាប៉ុណ្ណា ជីវិតមួយគង់តែរលត់ទៅវិញដូចគ្នា ដោយមើលមិនឃើញ ពេលនៅមានដង្ហើម ត្រូវធ្វើល្អដាក់គ្នាឱ្យច្រើន ធ្វើបុណ្យឱ្យច្រើន ទើបមានក្ដីសុខផ្លូវចិត្ត ៕