អបអរសាទរ! សិស្សកម្ពុជាទទួលបានជយលាភី ការប្រកួតល្បងប្រាជ្ញាយល់ដឹងពីអាស៊ាន ក្នុងចំណោមប្រទេសទាំង ១០
នៅថ្ងៃទី ១៧ ធ្នូ ២០២០ នេះក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការអបអរសាទរយុវជនកម្ពុជាទទួលបានជ័យលាភីការប្រកួតកម្មវិធីល្បងប្រាជ្ញាយល់ដឹងពីអាស៊ានថ្នាក់តំបន់ លើកទី៩ ឆ្នាំ២០២០ ។
តាមការបញ្ជាក់របស់ក្រសួង កម្មវិធីប្រកួតកម្មវិធីល្បងប្រាជ្ញាយល់ដឹងពីអាស៊ានថ្នាក់តំបន់ លើកទី៩ ឆ្នាំ២០២០ ដែលប្រព្រឹត្តទៅតាមអនឡាញបានបញ្ចប់បញ្ចប់ដោយជោគជ័យ ដោយក្រុមកម្ពុជាទទួល បានចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោម ប្រទេសសមាជិកអាស៊ាន ។ នេះជាលទ្ធផលល្អគួរឱ្យកត់សម្គាល់ ដែលសមាជិកក្រុមទាំង ៣ នាក់ បានប្រឹងប្រែងអស់ពីសមត្ថភាព តាំងពីការសិក្សាស្រាវជ្រាវមុនការប្រកួត រហូតដល់ថ្ងៃប្រកួត ។
លទ្ធផលក្នុងកម្មវិធីនេះគឺ ជ័យលាភីលេខ ១ បានទៅប្រទេសឥណ្ឌូស៊ី លេខ២ បានទៅសិង្ហបុរី និងលេខ ៣ បានទៅប្រុយណេ ដោយឡែកកម្ពុជាស្ថិតនៅលេខ ៥ ទទួលបាន ៧០០ ពិន្ទុ ។ ការប្រកួតប្រជែងល្បងប្រាជ្ញាយល់ដឹងពីអាស៊ាន បង្កើតឡើងដើម្បីបង្កើនការស្វែងយល់ពីអាស៊ាន និងបង្កើតទំនាក់ទំនងគ្នានឹងគ្នាសម្រាប់សិស្សវិទ្យាល័យនៅបណ្តាប្រទេសអាស៊ាន ។
ដោយសារបញ្ហាកូវីដ១៩ ប្រទេសសិង្ហបុរីដែលជាម្ចាស់ផ្ទះ បានរៀបចំការប្រកួតកម្មវិធីសំណួរចម្លើយពីអាស៊ានថ្នាក់តំបន់នេះ តាមប្រព័ន្ធវីដេអូ ដោយមានបេក្ខជនឆ្នើមៗ៣រូបដូចគ្នា ដែលមកពីបណ្តាប្រទេសសមាជិកអាស៊ានចូលរួម។
លក្ខខណ្ឌនៃការប្រកួតនោះ គឺជាការឆ្លើយសំណួរក្នុងទម្រង់សំណួរបើក និងពហុចម្លើយ ក្រោមប្រធានបទសសរស្តម្ភទាំងបីរបស់អាស៊ាន និងទិដ្ឋភាពទូទៅរបស់អាស៊ាន តាមរយៈការជ្រើសរើសសំណួរ និងការចុចប៊ូតុងដើម្បីឆ្លើយសំណួរផងដែរ ។
បេក្ខជនតំណាងកម្ពុជាទាំងបីរូប គឺជាជ័យលាភីលេខ ១-៣ ក្នុងកម្មវិធីការប្រកួតប្រជែងល្បងប្រាជ្ញាយល់ដឹងពីអាស៊ានថ្នាក់ជាតិ លើកទី៩ ឆ្នាំ២០២០ ដែលរៀបចំឡើងដោយទូរទស្សន៍ជាតិកម្ពុជា ក្រសួងព័ត៌មាន កាលពីខែមករា កន្លងទៅ ។
បេក្ខជនតំណាងកម្ពុជា មានសមាសភាពដូចជា៖
១- សិស្ស វ៉ាន់ ស្រីពេជ្រ មកពីវិទ្យាល័យទួលទំពូង
២- សិស្ស ប្រាក់ ស្រីតូច មកពីសាលាជំនាន់ថ្មី វិទ្យាល័យព្រះស៊ីសុវត្ថិ
៣- សិស្ស ញ៉េប ប៉ុញ្ញាឫទ្ធិ មកពីសាលាអ៊ីធូស្ទែម ព្រះយុគន្ធរ។