បើគិតថាជីវិតលំបាក សូមមើលលោកពូម្នាក់នេះ តស៊ូធ្វើជាអ្នកដឹកជញ្ជូនអាហារ ទោះរូបរាងខុសខ្នាត
ជីវិតមនុស្សគ្រប់រូបតែងប្រាថ្នាកើតមកមានរូបរាង ស្អាតបាត មានធនធានទ្រព្យសម្បត្តិ មានជីវិតរស់នៅប្រកបដោយភាពសុខស្រួល ប៉ុន្តែសួរថាតើមានអ្នកណាអាចជ្រើសរើសកំណើតខ្លួនបានទេ? កើតមករូបរាងអាក្រក់ ខុសខ្នាតមិនដូចអ្នកដទៃ តើត្រូវបោះបង់ក្ដីស្រម៉ៃ ការតស៊ូមែនទេ? មិនដូច្នោះឡើយ កើតមកហើយ ទោះស្ថិតនៅកាលៈទេសៈបែបណា ត្រូវតែមានក្ដីសង្ឃឹមតស៊ូទៅមុខទៀតលុះដល់ទីបញ្ចប់ ។
ក្រឡេកមកមើលលោកពូម្នាក់ដែលជាបុគ្គលិកដឹកជញ្ជូនអាហារនៅក្រុមហ៊ុនមួយ កំពុងតែធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា មានក្ដីរំជួលចិត្តជាខ្លាំង ក្រោយឃើញគាត់ ប្រឹងប្រែង តស៊ូក្នុងជីវិត ទោះកើតមករូបរាងមិនដូចអ្នកដទៃ ក៏គាត់មិនតូចចិត្ត មានតែខិតខំពុះពារទៅមុខ ដើម្បីបានប្រាក់ចិញ្ចឹមជីវិត និងគ្រួសារ ។ តាមគណនីហ្វេសប៊ុកឈ្មោះ Seng Kimsan បានបង្ហោះរូបលោកពូខាងលើនេះជិះម៉ូតូកូនទាមួយ ដឹកជញ្ជូនអាហារ ទោះត្រូវជួបការលំបាកម្ដេចក្ដី ទោះរូបរាងខុសប្រក្រតីក៏លោកពូមិនខ្មាសគេដែរ ។
នេះជាការបង្ហាញឱ្យឃើញថា មនុស្សគ្រប់រូបសុទ្ធតែមានទុក្ខលំបាករៀងខ្លួន កុំគិតថា អ្នកដែលលំបាកមានតែយើងនោះ ដរាបណាមានដង្ហើមត្រូវតែមានការតស៊ូ គ្រប់បញ្ហាជីវិតសុទ្ធតែមានផ្លូវដោះស្រាយ ចូរកុំបោះបង់ខ្លួនឯង បើព្រះអាទិត្យនៅតែរះ ដង្ហើមនៅតែដក ៕