បណ្ឌិត ហេង វ៉ាន់ដា ស្នើសុំក្រសួងអប់រំឱ្យសិស្សទី ១២ ទូទាំងប្រទេសជាប់បាក់ឌុបស្វ័យប្រវត្តិ
ដោយសារតែស្ថានភាពមិនទាន់ច្បាស់លាស់នៃការចម្លងវីរុសកូវីដ ១៩ ចូលទៅក្នុងសហគមន៍នៃប្រទេសកម្ពុជា កាលពីថ្ងៃទី ៧ ធ្នូ ២០២០ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចពន្យាពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទៅពាក់កាលខែមករា ឆ្នាំ ២០២១ វិញ ។ ចំណែកឯកាលបរិច្ឆេទប្រឡងនៅពេលណាពិតប្រាកដនោះ ក្រសួងនឹងប្រកាសនៅពេលក្រោយទៀត ។
ដោយឡែកជុំវិញការលើកពេលការប្រឡងព្រោះបញ្ហាកូវីដ ១៩ និងភាពរ៉ាំរ៉ៃអស់ជាច្រើនខែ ធ្វើឱ្យសិស្សសិក្សាមិនបានពេញលេញ នាំឱ្យមានការលើកឡើងជាមតិមួយគឺស្នើសុំឱ្យក្រសួងអប់រំ សម្រេចឱ្យសិស្សទី ១២ ជាប់បាក់ឌុបដោយស្វ័យប្រវត្តិ ក្នុងករណីការប្រឡងមិនអាចធ្វើទៅតាមកាលបរិច្ឆេទបាន ។
លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្ដមសិក្សា និងជាស្ថាបនិកវិទ្យាស្ថានវ៉ាន់ដា គណនេយ្យនោះ បានថ្លែងនាពេលថ្មីៗនេះ លោកនៅតែស្នើសុំឱ្យក្រសួងអប់រំរក្សាការប្រឡងដដែល ប៉ុន្តែក្នុងករណីការប្រឡងសញ្ញាបត្រមធ្យមសិក្សានេះ មិនអាចធ្វើទៅតាមកាលបរិច្ឆទបានទេ លោកនឹងស្នើសុំឱ្យសិស្សជាប់ដោយស្វ័យប្រវត្តិ ឬយកពិន្ទុមធ្យមភាគថ្នាក់ទី១២ ដើម្បីកំណត់ជាប់ឬធ្លាក់តែម្តង ។
មូលហេតុដែលលោកបណ្ឌិតលើកឡើងបែបនេះ ព្រោះខាងសមាគមយល់អារម្មណ៍សិស្សដែលពន្យាពេលម្ដងហើយម្ដងទៀតតាំងពីខែតុលា ដល់ខែធ្នូ និងរហូតដល់ពេលនេះពន្យាដល់ទៅឆ្នាំក្រោយ ក្នុងខែមករាទៀត ។
តាមប្រភពពីបណ្ដាញសារព័ត៌មាន កម្ពុជាថ្មី លោក ហេង វ៉ាន់ដា បានលើកឡើងទៀតថា ក្នុងករណីប្រសិនបើពាក់កណ្ដាលខែមករា មិនអាចប្រឡងបានទៀត តើក្រសួងនឹងត្រូវបន្តពន្យាពេលទៀត ឬឱ្យសិស្សឌុបថ្នាក់? លោកបានសង្កត់ធ្ងន់ថា ហេតុអ្វីក្រសួងមិនយកមធ្យមភាគថ្នាក់ទី ១២ មកវាយតម្លៃទៅ? ហើយការប្រឡងបញ្ចប់ការសិក្សាក្នុងសម័យកូវីដ ១៩ មានគុណភាពយ៉ាងម៉េចទៅវិញ ?
ក្នុងពេលឆាប់ៗខាងមុខនេះដែរខាងសមាគមឧត្ដមសិក្សា នឹងធ្វើលិខិតជាផ្លូវការដើម្បីដាក់ស្នើសុំក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសុំឱ្យសិស្សទី ១២ ជាប់ដោយស្វ័យប្រវត្តិ យកពិន្ទុមធ្យមថ្នាក់ទី១២ ដើម្បីកំណត់ជាប់ឬធ្លាក់តែម្ដង ៕