សូមជួយផង! អង្គការជួយកុមារក្រីក្រមួយនេះ កំពុងប្រឈមបិទទ្វារហើយ រកថវិកាផ្គត់ផ្គង់លែងបាន
ដំណើរការតាំងពីឆ្នាំ ២០០៥ រហូតមកដល់ឆ្នាំ ២០២០ នេះអង្គការក្រៅរដ្ឋាភិបាលមួយមានឈ្មោះថា អង្គការ «មូលនិធិសម្រាប់សង្គ្រោះបន្ទាន់ទុរគត៌ភាព» បានជួយសង្គ្រោះកុមារក្រក្រីរាប់រយនាក់បានសិក្សារៀនសូត្រដោយឥតគិតថ្លៃ ។ ក្មេងអនាថា ក្មេងនៅគំនរសំរាមស្ទឹងមានជ័យ កុមារក្រីក្រមានឪពុកម្ដាយជាអ្នករើសអេតចាយ ជាកម្មករ បានទទួលការសិក្សានៅទីនេះ ពេលនេះកំពុងប្រឈមបាត់បង់ការសិក្សារៀនសូត្រហើយ ក្រោយស្ថាបនិកអង្គការមួយនេះ បានប្រកាសបញ្ហាប្រឈមមិនអាចរកថវិកាដើម្បីទ្រង់ដំណើរការសាលារៀនទៀតបាន ។
ថ្លែងមកកាន់ «ប្រជាប្រិយ» នៅថ្ងៃទី ៣ ធ្នូ ២០២០ នេះលោក អោម តារា ស្ថាបនិកអង្គការ Emergency Foundation for Miserable (Effm Cambodia) ឬហៅថា «មូលនិធិសម្រាប់សង្គ្រោះបន្ទាន់ទុរគត៌ភាព» បានរៀបរាប់ថាតាំងពីឆ្នាំ ២០០៥ រហូតមកដល់ពេលនេះអង្គការបានជួយដល់កុមារក្រីក្រជាង ៤០០ នាក់ឱ្យបញ្ចប់ការសិក្សាថ្នាក់បឋមសិក្សា ដើម្បីបន្តទៅកាន់ថ្នាក់អនុវិទ្យាល័យនៅគ្រឹះស្ថានសិក្សាសាធារណៈ ។ ក្នុងឆ្នាំ ២០២០នេះសាលាអង្គការកំពុងបង្រៀនសិស្ស ១០០ នាក់ តែដោយសារឪពុកម្ដាយសិស្សខ្លះប្ដូរទីលំនៅ ទៅរកការងារនៅកន្លែងផ្សេងទៀត បច្ចុប្បន្នមានសិស្ស ៧០ នាក់កំពុងសិក្សា ដោយអង្គការជាអ្នករ៉ាប់រងឧបត្ថម្ភសំលៀកបំពាក់ និងផ្ដល់អាហារឱ្យបរិភោគទៀតផង ។
ក្នុង ១ ឆ្នាំៗ លោក អោម តារា បានប្រាប់ថាអង្គការត្រូវចំណាយយ៉ាងតិច ២ ៥០០០ ពាន់ដុល្លារ ដើម្បីទ្រទ្រង់ការចំណាយទាំងអស់ដូចជាថ្លៃជួលអគារ ប្រាក់ខែបុគ្គលិក ប្រាក់ខែសម្រាប់គ្រូៗស្ម័គ្រចិត្ត ដែលពេលនេះមានគ្រូបង្រៀន ៥ នាក់កំពុងបង្រៀននៅទីនេះ ។ ខណៈចុងឆ្នាំទៅហើយខាងអង្គការមិនទាន់អាចរកប្រាក់បម្រុងសម្រាប់ឆ្នាំ ២០២១ ខាងមុខបានឡើយ ពោលដល់ខែ ១២ ទៅហើយរកបានត្រឹមតែ ៥០០០ ពាន់ដុល្លារប៉ុណ្ណោះ ។
ស្ថាបនិកអង្គការខាងលើក៏បានប្រាប់ទៀតថា ប្រាក់សម្រាប់ទ្រទ្រង់អង្គការទាំងមូល គឺជាប្រាក់ឧបត្ថម្ភពីសប្បុរសជនសុទ្ធសាធ ភាគច្រើនបានមកពីជំនួយបងប្អូនខ្មែរនៅបរទេស តែដោយសារវិបត្តិកូវីដ ១៩ ពួកគាត់ក៏ជួបបញ្ហាហិរញ្ញវត្ថុដូចគ្នា ទើបមិនអាចបន្តជួយបាន ។ ដូច្នេះហើយប្រសិនបើអង្គការនៅតែមិនអាចរកប្រាក់មកទ្រទ្រង់បាននឹងត្រូវប្រឈមការបិទ ហើយសិស្សជាច្រើននាក់នឹងត្រូវបាត់បង់ការសិក្សា ។
យ៉ាងណាក្ដីបន្ទាប់ពីបានដឹងដំណឹងថា ខាងអង្គការកំពុងប្រឈមការបិទនោះ ក៏មានសប្បុរសជនជាច្រើនបានចាប់ផ្ដើមជួយបរិច្ចាគជាបន្តបន្ទាប់ ប៉ុន្តែនៅតែមិនអាចគ្រប់ចំនួន ។ ដូច្នេះសង្ឃឹមថាបងប្អូននឹងបន្តជួយឱ្យអង្គការមួយនេះបន្តដំណើរទៅមុខទៀតផងចុះ តាមរយៈការជួយឧបត្ថម្ភដែលអាចទាក់ទងទៅកាន់លេខអង្គការផ្ទាល់គឺ ០៨៩ ៣៣០ ២៧៦ ៕