ស្រឡាញ់គេខ្លាំងទើបសារភាព តែចុងក្រោយគេបដិសេធ តើគួរបន្ត ឬ បញ្ឈប់?
ស្នេហា គឺជាអារម្មណ៍នៃក្តីស្រឡាញ់ដែលកើតឡើងរវាងមនុស្សពីរនាក់ ស្រឡាញ់គ្នាទៅវិញទៅមកដោយគ្មានលក្ខខណ្ឌ ។ អ្នកមិនអាចបកស្រាយបានទេថា ហេតុអ្វីអ្នកមានចិត្តស្រឡាញ់ ឬ បាក់ចិត្តស្រឡាញ់ទៅលើនរណាម្នាក់ ទាំងដែលនៅលើលោកនេះមានមនុស្សប្រុសស្រីរាប់ពាន់លាននាក់ ឬហេតុអ្វីបានជាអ្នកជ្រើសយករូបគេមកដាក់ក្នុងបេះដូង ។
បន្ទាប់ពីមានចិត្តស្រឡាញ់រួចមក អ្នកនឹងមិនអាចទប់អារម្មណ៍មិនសារភាពប្រាប់គេបាននោះទេ ប្រសិនបើអ្នកពិតជាស្រឡាញ់គេ ។ ប៉ុន្តែសំនួរសួរថាស្នេហាអាចកើតឡើងដោយក្តីស្រឡាញ់តែម្ខាងបានឬទេ? តើស្នេហាកើតឡើងបានម្តេចនឹងកើត បើគេបដិសេធអ្នកទៅហើយនោះ ? អ្វីដែលសំខាន់ នៅត្រង់ថា ស្ថិតក្នុងកាលៈទេសៈដ៏ស្មុគស្មាញនេះ តើអ្នកគួរបន្តតស៊ូតាមគេទៀតទេ ពេលដែលអ្នកកំពុងស្រឡាញ់គេខ្លាំងហើយនោះ ?
ជាការពិតណាស់ ភ្លាមៗបន្ទាប់ពីត្រូវបានគេបដិសេធស្នេហ៍ អ្នកមិនអាចទៅចាប់អារម្មណ៍លើអ្នកណាផ្សេងក្រៅពីគេនោះឡើយ អ្នកនៅតែដិតជាប់អារម្មណ៍ជាមួយគេជានិច្ច ព្រោះថា ជាទូទៅ មុនសម្រេចចិត្តសារភាពស្រឡាញ់នរណាម្នាក់ អ្នកប្រាកដជាបានគិតច្បាស់លាស់ហើយ ។
ដូច្នេះ គួរចំណាយពេលនេះស្គាល់ពីខ្លួនឯងបន្ថែម សិក្សាថា តើពេលគេបដិសេធហើយអ្នកមានអារម្មណ៍ប្រែប្រួលបែបណាពីមួយថ្ងៃទៅមួយថ្ងៃ? ប្រសិនបើនៅតែស្រឡាញ់គេពិតមែន ក៏អាចនៅតែបន្តរក្សាទំនាក់ទំនងល្អៗ ជាមួយគេបែបមិត្តភក្តិធម្មតាដដែល ហើយស្វែងយល់វិញថា ហេតុអ្វីបានជាគេបដិសេធអ្នក? វាមិនខុសទេ ដែលនៅបន្តទាក់ទងគ្នាជាមិត្តភក្តិទោះបីគេបដិសេធក៏ដោយ ។
នៅត្រង់នេះ អ្នកអាចមើលថា តើអ្នកពិតជាត្រូវនឹងអ្វីដែលគេចង់បាន ឬ អត់ ហើយគិតទៀតថា អ្នកអាចយកឈ្នះចិត្តគេបាន ឬ អត់? ថាមិនត្រូវ គេគ្រាន់តែត្រូវការពេលវេលាសិនដើម្បីសម្រេចចិត្ត ប៉ុន្តែគេមិនអាចនិយាយ ទើបបានជាគេសុខចិត្តបដិសេធអ្នកតែម្តង ។
សរុបមក អ្នកអាចបន្តរាប់អានគ្នាជាមួយគេ ព្រមទាំងបន្តធ្វើអ្វីដែលអ្នកគិតថាល្អសម្រាប់ការអភិវឌ្ឍខ្លួនឯង ដើម្បីខ្លួនឯង និង បង្ហាញគេថាអ្នកមានអ្វីដែលគេគួរជ្រើសរើសយកអ្នក មិនមែនព្យាយាមចំណាលពេល តាមរញ៉េរញ៉ៃគេដោយគ្មានហេតុផល ឬ ដោយក្តីស្រឡាញ់មួយឆាវនោះទេ៕