ជួយបានច្រើនណាស់! អ្នកទើបចាប់ផ្ដើមរកស៊ី បើចង់ជោគជ័យកុំរំលង ៥ ចំណុចនេះឱ្យសោះ!
ការបើកអាជីវកម្ម ឬ របររកស៊ីអ្វីមួយវាមិនមែនជាការចៃដន្យនោះទេ តែវាកើតឡើងដោយសារតែគោលដៅ ទស្សនវិស័យ និង ចំណូលចិត្តរបស់មនុស្សម្នាក់ៗ។ ការមានមុខរបរ អាជីវកម្ម ឬ ក្រុមហ៊ុនផ្ទាល់ខ្លួន គឺជាក្ដីប្រាថ្នាដែលមនុស្សគ្រប់រូបស្រមៃចង់បាន ព្រោះពេលដែលមានអាជីវកម្មខ្លួនឯង នឹងលែងខ្វល់ខ្វាយត្រូវគេស្ដីបន្ទោស ឬឱ្យគេមកកំណត់ប្រាក់ចំណូលប្រចាំខែ ។ល។ ប៉ុន្តែមុននឹងសម្រេចចិត្តបើកអាជីវកម្មផ្ទាល់ខ្លួន អ្នកធ្វើអាជីវកម្មថ្មីថ្មោងគួរមានចំណុចទាំង ៥ ជំហានខាងក្រោម ៖
១. ចេញធ្វើការឱ្យគេ ក្នុងវិស័យអាជីវកម្ម ដែលអ្នកធ្វើនៅថ្ងៃអនាគត
ការវិនិយោគខ្លួនឯងទៅក្នុងវិស័យការងារ គឺជាជំហានដំបូង និង សំខាន់បំផុត ដើម្បីឆ្ពោះទៅរកការបើកអាជីវកម្មមួយដោយខ្លួនឯង និង អាចទទួលបានជោគជ័យខ្ពស់។ អ្នកជោគជ័យក្នុងអាជីវកម្មភាគច្រើនសុទ្ធតែធ្លាប់ឆ្លងកាត់ការធ្វើការងារឱ្យគេ ក្នុងរយៈពេលណាមួយ ដើម្បីទទួលបានបទពិសោធន៍ និង បន្សាំខ្លួនជាមួយការងារនោះ ។ ជាពិសេស យើងនឹងមានដំណោះស្រាយល្អៗ នៅពេលអាជីវកម្មរបស់យើងជួបបញ្ហា ព្រោះបញ្ហាទាំងនោះមួយចំនួនយើងធ្លាប់ជួបរួចមកហើយ កាលដែលយើងធ្វើការឱ្យនោះ។ ជាក់ស្តែងស្ថាបនិកក្រុមហ៊ុន Twitter ដំបូង លោក Jack Dorsey ក៏បានចំណាយពេលធ្វើការឱ្យគេរយៈពេលជាច្រើនឆ្នាំផងដែរ មុននឹងលោកសម្រេចបើកក្រុមហ៊ុនផ្ទាល់ខ្លួន។
២. ស្វែងរកដៃគូសហការដ៏មានទំនុកចិត្តមួយ
ការងារ ដែលទទួលបានជោគជ័យ វាមិនអាចមានតែមនុស្សពូកែម្នាក់អាចធ្វើបាននោះទេ គឺចាំបាច់ត្រូវការដៃ និងអ្នកសហការដ៏ល្អមួយ ដែលត្រូវពឹងផ្អែកគ្នាទៅវិញទៅមកដើម្បីចន្លោះខ្វះខាត។ ជាក់ស្តែង កីឡាករបាល់ទាត់ Cristiano Ronaldo មិនអាចរកគ្រប់បាល់បានច្រើន និងឈ្នះលើដៃគូរប្រកួតបានទេ ប្រសិនបើរូបគេ គ្មានកីឡាករល្អៗផ្សេងចូលរួមលេងជាមួយ ។ ដោយឡែកលោក Jack Ma ក៏មិនអាចបង្កើតក្រុមហ៊ុនយក្ស Alibaba ដែលរកចំណូលបានរាប់លានដុល្លារក្នុងមួយឆ្នាំៗបានដែរ ប្រសិនបើពុំមានការចូលរួមពីមិត្តភកិ្តទាំង ១៧ នាក់ របស់គាត់ក្នុងគ្រាដែលបង្កើតក្រុមហ៊ុន Alibaba ពីដំបូងដូចគ្នា ។
៣. សុំការណែនាំពីអ្នកជំនាញ និង អ្នកធ្លាប់ដើរផ្លូវមុនអ្នក
បើចង់ធ្វើអាជីវកម្មអ្វីមួយត្រូវស្វែងរកមតិ និង ដំបូន្មានពីមនុស្ស ដែលធ្លាប់ដើរលើផ្លូវអាជីវកម្មនោះមុន ឬអ្នកកំពុងធ្វើលើវិស័យនោះតែម្តង ។ ព្យាយាមសុំពួកគេណាត់ជួបនៅកន្លែងណាមួយ ដូចជាហាងកាហ្វេ សួនច្បារ ឬកន្លែងញាំអាហារផ្សេងៗ ដើម្បីជជែកសុំការណែនាំ និងគំនិតយោលបល់ល្អៗពីពួកគេ ពាក់ព័ន្ធ និងមុខរបរ ឬអាជីវកម្មដែលយើងបម្រុងនឹងបើក ហើយការពិភាក្សា ជាមួយមិត្តភ័ក្ដិ ឬក្រុមគ្រួសារក៏ជាការល្អសម្រាប់ទទួលបានគំនិតថ្មីៗផងដែរ ជាជាងការគិតលើខ្លួនឯងតែម៉្យាង។
៤. សរសេរគម្រោងផែនការសកម្មភាពរបស់អ្នក
ការសរសេរគម្រោង ឬការដាក់ចេញនូវផែនសកម្ម គឺជារឿងចាំបាច់ វាប្រៀបបីដូចជាផែនទីគូសវាសសម្រាប់អ្នកដើរដូចគ្នា ។ នៅពេលណាដែលអ្នកមានគម្រោង និងផែនការសកម្មក្នុងដៃហើយនោះ អ្នកអាចនឹងដឹងថា តើគួរចាប់ផ្តើមវាបានឬនៅ ? ហើយត្រូវការអ្វីខ្លះ ដើម្បីធ្វើអាជីវកម្មនោះ ? មួយទៀតអ្នកក៏អាចដឹងពីឧបសគ្គ ដែលអាចនឹងជួប នៅពេលបើកវាដំបូងផងដែរ ។ ជាពិសេសក្រោយធ្វើគម្រោងផែនការខាងលើអ្នកប្រាកដជាអាចប៉ាន់ប្រមាណដឹងជាមុន ពីដើមទុនដែលអ្នកត្រូវការសម្រាប់ចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួននោះទៀតផង ។
៥. ដើមទុន
ដើមទុន គឺជារឿងចាំបាច់សំខាន់មួយ ក្នុងចំណោមជំហាន ទាំង ៥ បន្ទាប់ពីគម្រោងផែនការសកម្ម ព្រោះវាជាអ្នកធ្វើឱ្យយើងមានលទ្ធភាពបង្កើតអាជីវកម្មអ្វីមួយ បាន ។ ដើមទុនអ្នកអាចយកចេញពីប្រាក់សន្សំរបស់អ្នក ឬបានពីការចូលហ៊ុនរបស់ដៃគូសហការអ្នក ដែលអ្នកបានធ្វើរួចមកហើយត្រង់ចំណុចទី២ខាងលើ ។ បន្ថែមពីនេះ អ្នកក៏អាចទៅរកជំនួយពីមិត្តភក្តិ ដែលមានបំណងចង់បោះទុកជាមួយគ្នា ឬក៏អាចសុំជំនួយពីគ្រួសាររបស់អ្នកផ្ទាល់តែម្តងក៏បាន ៕