៦ យ៉ាងងាយៗគួរធ្វើ បើមិនចង់ឱ្យជីវិតជួបតែរឿងស្មុគស្មាញ វិលវល់ រកសុខមិនឃើញ
ពិតទេដែលឱ្យតែមនុស្សមានលុយ មានទ្រព្យសម្បត្តិច្រើន សុទ្ធតែបង្ហាញថាជីវិតពួកគេតែងតែមានក្តីសុខ និង ភាពរីករាយ ? ជាការពិតណាស់ លុយអាចធ្វើឱ្យមនុស្សមានក្តីសុខផ្លូវកាយ ប៉ុន្តែវាមិនអាចកំណត់ពីក្តីសុខក្នុងផ្លូវអារម្មណ៍ ឬ ផ្លូវចិត្តរបស់មនុស្សណាម្នាក់បានឡើយ។ អ្វីដែលកាន់តែត្រូវគិតទៀតនោះ គឺគ្មាននរណាម្នាក់អាចកំណត់កម្រិតក្តីសុខរបស់អ្នកបានក្រៅពីខ្លួនអ្នកនោះឡើយ ពោលគឺថាអ្នកចង់រស់នៅបែបណា ដើម្បីទទួលបានភាពរីករាយក្នុងជីវិតតាមបែបរបស់អ្នក ។
យ៉ាងណាមិញ ខាងក្រោមនេះជាចំណុច ៧ យ៉ាងដែលយើងគួរអនុវត្តក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីជួយឱ្យដំណើរជីវិតប្រព្រឹត្តទៅដោយរលូន និង មិនសូវមានរឿងល្អក់កករក្នុងចិត្ត ។
១. រឿងដែលកើតហើយក៏ឱ្យវាទៅចុះ
សូមកុំបំផ្លាញថ្ងៃល្អរបស់អ្នក ដោយសារតែរឿងអាក្រក់ដែលបានកើតឡើងកាលពីម្សិលមិញ ។ រឿងដែលកើតហើយ វាបានក្លាយទៅជាអតីតកាលមួយ ដែលយើងមិនអាចដិតដក់ជាប់នៅក្នុងអារម្មណ៍ទៀតនោះទេ ព្រោះក្នុងដំណើរជីវិតអ្នកនឹងបានជួបរឿងថ្មីៗជាច្រើនទៀត ប៉ុន្តែអ្វីដែលសំខាន់ត្រូវចេះរស់ក្នុងបច្ចុប្បន្នកាល ដោយមិនកើតទុក្ខក្នុងអតីតកាល និង មិនរំពឹងខ្ពស់ពេកសម្រាប់អនាគតដែលមិនទាន់មកដល់ ។ នេះជាថ្ងៃរបស់អ្នក សូមសប្បាយចិត្តទទួលយកវា ។
២. កុំខ្វល់ពីសម្តីអ្នកដទៃខ្លាំងពេក
ដូចអ្វីដែលបានរៀបរាប់ខាងលើដូច្នោះដែរ អ្នកខ្លួនឯងជាអ្នកកំណត់ថាអ្នកគួរសប្បាយចិត្តឬ កើតទុក្ខ ក្នុងថ្ងៃនេះ ។ កុំស្តាប់អ្នកដទៃច្រើនពេក ។ ធ្វើអ្វីដែលខ្លួនចង់ធ្វើ, ធ្វើអ្វីដែលប្រកបដោយភាពត្រឹមត្រូវ មិនប៉ះពាល់អ្នកដទៃ នោះជីវិតអ្នកនឹងល្អប្រសើរ ។
៣. អ្វីក៏ដោយសុទ្ធតែត្រូវការពេលវេលា
ពេលវេលាជាអ្នកដោះស្រាយរាល់បញ្ហាមែនឬទេ ? ពេលវេលាមិនមែនជាបុគ្គលផ្ទាល់ដែលត្រូវមកដោះស្រាយបញ្ហានោះទេ ប៉ុន្តែអ្នកពិតជាត្រូវការពេលវេលាដើម្បីសិក្សាស្វែងយល់ពីបញ្ហា មុននឹងឈានដល់ការដោះស្រាយវា ។ កុំឈឺចាប់ អន់ចិត្ត បង្កប់ទុក្ខសោកគ្រាំរីងរៃ គ្រាន់តែគេមិនតបសាររបស់អ្នកភ្លាមៗនោះ ! នរណាៗ ក៏សុទ្ធតែត្រូវការពេល ។
៤. ចេះរបៀបប្រៀបធៀប
ការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃគឺជាការប្រៀបធៀបដែលនាំតែក្តីទុក្ខ ។ នៅពេលមនុស្សទាបតូចតាចទៅប្រៀបធៀបជាមួយអ្នកមានទ្រព្យសម្បតិ្តជាងខ្លួនគេនឹងគិតថាគេទន់ខ្សោយ មិនពូកែ មិនអាចធ្វើអ្វីបានដូចអ្នកដទៃ ។ ប៉ុន្តែបើការប្រៀបធៀបរវាងអ្នកធំជាមួយអ្នកតូច ពួកគេអាចបង្កើតជាភាពអំណួត ក្អេងក្អាង រហូតទៅណាមកណាគ្មានអ្នករាប់រកទៀតក៏មាន ។ ការប្រៀបធៀបដែលល្អគឺការប្រៀបធៀបខ្លួនឯងថ្ងៃនេះនឹងម្សិលមិញដើម្បីរកឱ្យឃើញនូវការអភិវឌ្ឍ ឬ កំហុសឆ្គង ដើម្បីខិតខំបន្ថែម ឬ កែតម្រូវបន្តទៀត ឱ្យដល់គោលដៅដែលខ្លួនបានដៅទុក ។
៥. ចេះសម្រួលអារម្មណ៍
ធ្វើអ្វីក៏ដោយកុំស្លន់ស្លោ កុំប្រញាប់ប្រញាល់ខ្លាំងជ្រុលពេលរហូតអាចធ្វើឱ្យរឿងធម្មតាទៅជារឿងដែលស្មុគស្មាញ នាំគិតច្រើន អំពល់ទុក្ខដល់ខួរក្បាលទៅវិញទេ ។ ធ្វើអ្វីតាមសម្រួល មួយៗ តាមលំដាប់លំដោយ ដូចពាក្យចាស់ពោលថា តក់ពេញបំពង់ នោះឯង ។
៦. ញញឹមឱ្យបានច្រើន
ញញឹមឱ្យបានច្រើនដើម្បីខ្លួនឯង មនុស្សជុំវិញខ្លួន បង្កើតមិត្តភក្តិ បង្កើតក្តីស្រឡាញ់ នោះរឿងល្អៗនឹងធ្វើដំណើរឆ្ពោះមករកយើងបានច្រើនជាមិនខាន ៕