«ដំបូង» គឺជារីសតថ្មីមួយដែលមានទីតាំងស្ថិតនៅភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ហើយបើយើងធ្វើដំណើរពីផ្សារកំពតក្នុងទីរួមខេត្ត គ្រាន់តែចំណាយពេលត្រឹមតែ ១៥ នាទី ប៉ុណ្ណោះនឹងបានទៅដល់ទីតាំងដ៏ស្រស់ស្អាតមួយនេះ ។
អ្វីដែលជាចំនុចពិសេសរបស់ «ដំបូង» គឺវាត្រូវបានរៀបចំឡើងនៅលើទីតាំងបែបធម្មជាតិ ជាប់នឹងមាត់ព្រែកកំពត នៅកៀកសមុទ្រ ដែលអាចឱ្យភ្ញៀវដែលទៅដល់ ទទួលយកអារម្មណ៍ត្រជាក់បរិសុទ្ធពីខ្យល់សមុទ្រពិតៗ ។ នៅពេលល្ងាច យើងក៏អាចអង្គុយអាំងសាច់ ញ៉ំាលើតុជាប់ឆ្នេរ គយគន់ទិដ្ឋភាពថ្ងៃលិច ក្រោមពន្លឺភ្លើងទៀន យ៉ាងរ៉ូមែនទិច ជាមួយមនុស្សជាទីស្រឡាញ់ ឬ ជាការជួបជុំសម្រាកលម្ហែកាយបែបលក្ខណៈគ្រួសារ និង មិត្តភក្តិ រាំ លេងកម្សាន្តយ៉ាងសប្បាយរីករាយ ។ លើសពីនោះទៅទៀត យើងមិនត្រឹមតែបានកម្សាន្តនៅលើឆ្នេរ ទស្សនាថ្ងៃលិចប៉ុណ្ណោះទេ «ដំបូង» ក៏បានហ៊ុមព័ទ្ធទៅដោយជួរភ្នំ ហើយក្នុងនោះយើងក៏អាចមើលឃើញភ្នំបូកគោ បានយ៉ាងច្បាស់ពីទីតាំងដែលយើងស្នាក់នៅ ។
សម្រាប់តម្លៃស្នាក់នៅវិញមានចែកចេញជា ៣ ប្រភេទ ៖
-តង់ធំ តម្លៃ ៤០ ដុល្លារ មានម៉ាស៊ីនត្រជាក់ អាចគេងបាន ៤ នាក់ ។
-តង់ធំ តម្លៃ ៣០ ដុល្លារ ប្រើកង្ហារ អាចគេបាន ៤ នាក់ ។
-តង់តូច តម្លៃ ១០ ដុល្លារ អត់កង្ហារ អាចគេបាន ២ នាក់ តែភ្ញៀវក៏អាចជួលកង្ហារក្នុងតម្លៃ ៥ ដុល្លារប៉ុណ្ណោះ ។
ដោយឡែក សម្រាប់ភ្ញៀវដែលជ្រើសរើសជួលប្រភេទតង់ធំនឹងមានការបន្ថែមជូនការអុំទូកកាយាក់លេងនៅក្នុងព្រែកដោយសេរី ឥតគិតថ្លៃ ។ ចំណែកឯការជួលតង់ធំចាប់ពី ៣ ឡើងទៅ ក៏មានបន្ថែមជូន ចង្កា្រនអាំងសាច់ជាលក្ខណៈគ្រួសារសម្រាប់អាំងសាច់បរិភោគពេលល្ងាចផងដែរ ។
សូមបញ្ជាក់ថា «ដំបូង» គឺរីសតថ្មីមួយនៅលើទឹកដីកំពត ដែលទើបតែបង្កើតឡើងដើម្បីទទួលភ្ញៀវដែលទៅកម្សាន្តនៅកំលុងខែ មេសា ឆ្នាំ ២០២០ ប៉ុណ្ណោះ ហើយបច្ចុប្បន្នក៏នៅតែបន្តរៀបចំ កែច្នៃជាបន្តបន្ទាប់ឱ្យកាន់តែមានលក្ខណៈស្រស់ស្អាត សម្រាប់បំពេញតម្រូវការរបស់ភ្ញៀវដែលបានទៅលេងបន្ថែមទៀត ៕