ស្រឡាញ់ប៉ុនណាក៏ដោយ បើគេធ្វើរឿងខុសទាំងនេះដដែលៗ គួរដើរចេញពីជីវិតគេទៅ
ភាគច្រើនគេតែងនិយាយថា មនុស្សប្រុសស្រឡាញ់មនុស្សស្រីពី ១០០ ដល់ ០ ចំណែក មនុស្សស្រីវិញគឺស្រឡាញ់មនុស្សប្រុស ពី ០ ដល់ ១០០ ។ នាងតែងតែងប់ងល់នឹងក្តីស្រឡាញ់ទាំងអស់ដែលនាងផ្តល់ឱ្យមនុស្សប្រុសដែលនាងស្រឡាញ់ ។ នាងសុខចិត្តធ្វើគ្រប់យ៉ាង នឹងស៊ូទ្រាំលះបង់ ទោះបីក្តីស្នេហាពេលនេះបានផ្លាស់ប្តូរមិនដូចពេលផ្តើមស្នេហ៍ តែនាងនៅតែសង្ឃឹមថាសេចក្តីស្រឡាញ់នឹងអាចធ្វើឱ្យអ្វីៗប្រសើរឡើង និង ត្រឡប់ទៅរកភាពដើម ។ តើមនុស្សស្រីត្រូវទ្រាំដល់ពេលណា បើស្នេហាមិនទៅមុខហើយនោះ ?
ខាងក្រោមនេះជាកំហុសទាំង ៤ យ៉ាងរបស់មនុស្សប្រុស ប្រសិនបើគេនៅតែធ្វើវាដដែលៗ ជម្រើសដើរចេញគឺជារឿងល្អបំផុត៖
១. តែងតែទុកអ្នកចោលមិនអើពើរ
ប្រាកដណាស់ មនុស្សដែលស្រឡាញ់គ្នាពិត តែងតែសួរសុខទុក្ខគ្នាជារឿយៗ ដើម្បីដឹងថាមនុស្សដែលខ្លួនស្រឡាញ់សុខសប្បាយ ឬ កើតទុក្ខ ឬ កំពុងមានបញ្ហាអី ។ ប៉ុន្តែប្រសិន បើរាល់ពេលដែលអ្នកមានបញ្ហា ត្រូវការឱ្យគេជួយ ទាំងនៅពេលអ្នកបន្ទាន់ខ្លាំង អ្នកឈឺ អ្នកត្រូវការគេខ្លាំង ប៉ុន្តែគេបែជាគ្មានវត្តមាននៅពេលនោះ ម្តងហើយម្តងទៀត ហើយបែរជាឱ្យអ្នកទៅរកអ្នកនេះ អ្នកនោះ ដូចជាមិត្តភក្តិឱ្យជួយវិញ អ្នកប្រហែលជាលែងសំខាន់សម្រាប់គេទៀតហើយមើលទៅ ។ នៅក្នុងចំណុចនេះ អ្នកក៏ត្រូវមើលលើស្ថានភាពជាក់ស្តែងដែរ ថាតើគេពិតជាមិនអាចជួយអ្នកដោយហេតុផលចាំបាច់ខ្លាំងណាមួយក៏គួរលើកលែងដែរ មិនមែនមិនជួយអ្នកដោយសាររវល់ជួបជាមួយមិត្តភក្តិគេនោះទេ ។
២. មិនផ្តល់ពេលវេលាឱ្យអ្នក
អាចទេ មនុស្សដែលស្រឡាញ់គ្នា អាចជួបគ្នា ឃើញមុខគ្នា មួយឆ្នាំបួនប្រាំដង ទាំងដែលរស់នៅ មិនឆ្ងាយពីគ្នាផងហ្នឹង! ពាក្យចាស់ពោលថាស្នេហ៍ មិនឈ្នះស្និត ហើយបើគេកាន់តែគ្មានពេលជាមួយអ្នក ហើយចំណាយពេលទៅស្និតស្នាលជាមួយអ្នកផ្សេង ដែលគេនិយាយថាជាមិត្តភក្តិ នោះមិនយូរទេ គេអាចនឹងភ្លេចអ្នកដូចគ្នា ។ គ្មានមនុស្សដែលស្រឡាញ់គ្នាឯណា គ្រាន់តែហៅជួបគ្នា ញ៉ំាអីពេលល្ងាចជាមួយគ្នាក៏មិនបាន ចង់ជប់លៀងថ្ងៃពិសេសជាមួយគ្នាក៏មិនបាន មួយថ្ងៃពេញមិនឆាតរកគ្នាមួយម៉ាត់ ហើយយូរទៅគឺកាន់តែយូរទៅ ។
៣. តែងតែឱ្យអ្នកធ្វើតាមចិត្តគេ
មនុស្សប្រុសមួយចំនួនព្យាយាមផ្គាប់ចិត្តមនុស្សដែលខ្លួនតាមស្រឡាញ់ខ្លាំង ដោយនាងឱ្យធ្វើអីក៏បាន នាងខឹងក៏តាមលួង រហូតក្លាយជាសង្សារនឹងគ្នាដំបូងៗ ទោះខាងស្រីខុសអីក៏ថាត្រូវ ប៉ុន្តែពេលយូរទៅ គេចាប់ផ្តើមមានហេតុផលច្រើន រហូតធ្វើឱ្យអ្នកគិតថាអ្វីដែលគេនិយាយសុទ្ធតែត្រូវ ។ ប្រាកដណាស់ នៅពេលដែលអ្នកស្រឡាញ់គេខ្លាំង ទោះបីជាគេនិយាយអ្វី ធ្វើអ្វីគឺសុទ្ធតែមានហេតុផល និង ត្រឹមត្រូវជានិច្ច ប៉ុន្តែត្រូវគិតថា នៅពេលនោះ អ្នកនឹងលែងមានភាពជាខ្លួនឯង អ្នកត្រូវបានស្នេហាគ្រប់ដណ្តប់ ដោយធ្វើអ្វីៗតាមតែពាក្យដែលគេបង្គាប់ ។ នេះមិនមែនមានន័យថា ឱ្យអ្នករឹងទទឹងជាមួយគ្នា ដើម្បីឱ្យមានជម្លោះនោះទេ ប៉ុន្តែប្រុសៗខ្លះ គឺតែងតែបង្ហាញឥទ្ធិពលធ្វើខ្លួនជាអ្នកដែលសម្រេចចិត្តគ្រប់រឿង ពេលដឹងថាអ្នកស្រឡាញ់គេខ្លាំង ។
៤. ប្រើអំពើហិង្សាលើអ្នក
ទោះបីជាអ្នកស្រឡាញ់គេយ៉ាងណាក៏ដោយ តែបើគេហ៊ានលើកដៃវាយអ្នកហើយ មនុស្សប្រុសម្នាក់នោះមិនសាកសមឱ្យអ្នក ទ្រាំទ្រ ផ្តល់ក្តីស្រឡាញ់ ដ៏បរិសុទ្ធរបស់អ្នកទៅឱ្យគេនោះឡើយ ។ អាចថាបានពេលខ្លះនៅជាមួយគ្នា មានសុរា ចូលខ្លួន មានរឿងរ៉ាវទាស់ទែងគ្នាខ្លាំង ដល់ថ្នាក់ទប់កំហឹងមិនបាន អាចធ្លោះធ្លោយម្តងម្កាល តែបើគេនៅតែប្រព្រឹត្តដដែលៗ ដោយយកហិង្សាជាដំណោះស្រាយ នោះអ្នកមិនគួរនៅជាមួយគេទៀតនោះឡើយ ។ រាល់បញ្ហាសុទ្ធតែមានដំណោះស្រាយ រាល់ដំណោះស្រាយមិនមែនដោយប្រើកម្លាំងបាយនោះទេ ៕